អភិបាលរងខេត្តសៀមរាប ដឹកនំាមន្ត្រីក្រោមឱវាទ ចុះបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប ស្តីពីបញ្ហាសុវត្ថិភាពចរាចរណ៍  ក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការសហការពី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ និងបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ចៅសង្កាត់ ព្រម ទាំងក្រុមអ្នកសារព័ត៌មាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប  ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។
លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានប្រសាសថា យុទ្ធនាការនាពេលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ សំខាន់ អ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ សំខាន់ តាមបណ្តោយផ្លូវជាតិលេខ ៦។  ក្នុងសកម្មភាពយុទ្ធនាការនេះ ក៏បានធ្វើការចែកសម្ភារ និងឯកសារមួយចំនួន រួមមាន មួកសុវត្ថិភាព ចំនួន៨០មួក (មួកសុវត្ថិភាពសម្រាប់កុមារ ចំនួន ៣០មួក), រួមទាំងសៀវភៅស្តីពីចរាចរណ៍ផ្លូវគោក, សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង  ,លិខិតប័ណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍  , សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ , ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ និង ស្ទីកឃ័រចំណាំងផ្លាត ត្រូវបានយកទៅធ្វើការចែកជូនបងប្អូនអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ព្រមទាំងបានបិទស្ទីកឃ័រចំណាំងផ្លាត (ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍) តាមបណ្តារថយន្តមួយចំនួន  ដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦  ។
នៅពេលប្រគល់មួកសុវត្ថិភាពនោះ កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញយើងក៏បានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធច្បាប់ចរាចរណ៍ និង ធ្វើការឆ្លើយនូវសំណួរ ស្តីអំពីសុវត្ថិភាពចរាចរណ៍ និង សីលធម៌ក្នុងការបើកបរ ក្នុងនោះប្រសិនបើពួកគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួនផងដែរ ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង ជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានធ្វើការណែនាំ អប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានមិនបានពាក់មួកសុវត្ថិភាព  អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យ បណ្តាមកការពីមិនពាក់មួកសុវត្ថិភាព ឬ សួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង។ លោកបានគូសបញ្ជាក់ថា ក្រោមបទបញ្ជារបស់រាជរដ្ឋាភិបាល ការណែនាំរបស់ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និង ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនពាក់មួកសុវត្ថិភាព , មិនគោរពច្បាប់ចរាចរណ៍ និង បើកបរក្នុងស្ថានភាពស្រវឹង  ។  លោកក៏បានឲ្យដឹងផងដែរថា  បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរពឲ្យខាងតែបាន នូវច្បាប់ចរាចរណ៍ ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ។
 លោកក៏បានបញ្ជាក់ផងដែរថា យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ គឺប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឲ្យគាត់មួយម្នាក់ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព គឺមួកមួយជីវិតមួយ ។ ដូច្នេះគ្រប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់   នូវការគោរពច្បាប់ចរាចរណ៍ (ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner