កាកបាទក្រហមកម្ពុជា អបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពឆ្នាំ២០២២ លើការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត និងលើកទិសដៅអនុវត្តបន្ត។
នៅក្នុងកិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណ ៩០នាក់។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានបង្កេីតបណ្ដាញអ្នកស្ម័គ្រចិត្តឡេីងវិញនៅឆ្នាំ១៩៩២ និងបណ្ដាញយុវជន ក.ក្រ.ក នៅឆ្នាំ១៩៩៦ ដែលការងារពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខាគឺមានសារសំខាន់ណាស់ក្នុងប្រតិបត្តិការមនុស្សធម៌ ព្រោះថា សាខាណាដែលពូកែពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺសាខានោះនឹងដំណើរការដោយរលូន ហើយកម្លាំងអ្នកស្ម័គ្រចិត្តទាំង២នេះ ត្រូវតែមានវត្តមានជាមួយយើងជានិច្ច ដើម្បីអភិវឌ្ឍសាខាឱ្យមានដំណើរការល្អ ។
បន្ទាប់ពីបានស្តាប់បទបង្ហាញស្តីពី យុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា រួចមក កិច្ចប្រជុំបានដំណើរការ ដោយបានបើកឱកាសឱ្យសមាជិកសមាជិកា ពិភាក្សា បញ្ចេញមតិយោបល់ និងការវាយតម្លៃលើរបាយការណ៍បូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ជុំវិញការខ្វះចន្លោះ បញ្ហាប្រឈម និងសំណូមពរមួយចំនួនដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន និងសុក្រិត ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការឆ្នាំ២០២៣ ឱ្យបានល្អប្រសើរផងដែរ។
ទន្ទឹមនឹងនេះ អង្គប្រជុំ បានពិភាក្សាអំពីការពង្រឹង ពង្រីក និងអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខា បញ្ហាប្រឈម ក៏ដូចជាទិសដៅដើម្បីបន្តពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីភាពធន់សហគមន៍៕ ដោយ ៖ ស៊ូ ប៊ុនធី

