ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ៖ ក្រុមចលនាស្ត្រី ត្រូវចូលរួម ពង្រឹងពង្រីកសមាជិកគណបក្ស ដោយអនុវត្តយុទ្ធសាស្ត្រ រក្សាចាស់ បង្កើនថ្មី សមាជិកគណៈបក្សម្នាក់ សំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា មន្ត្រីក្រុមចលនាស្ត្រីគ្រប់ថ្នាក់ ត្រូវបន្តចូលរួមក្នុងការពង្រឹងពង្រីកសមត្ថភាពសមាជិកគណបក្ស ដោយអនុវត្តយុទ្ធសាស្ត្រ រក្សាចាស់ បង្កើនថ្មី សមាជិកគណៈបក្សម្នាក់ សំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក ។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមចលនាស្ត្រី នៃគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ ។
ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បន្តថា ក្រុមចលនាស្ត្រី នៃគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ ត្រូវបន្តចូលរួមក្នុងការពង្រឹងទស្សនៈនយោបាយសតិអារម្មណ៍ដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស និងប្រជាជនទូទៅឲ្យយល់ដឹងពីកម្មវិធីនយោបាយរបស់គណបក្ស ពីសមិទ្ធផលដ៏ត្រចះត្រចង់របស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ៕ ម៉ុន សំអាត

