លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃព្រហស្បតិ៍នេះ
គូឡាឡាំពួ៖ ប្រធានគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នឹងក្លាយជានាយករដ្ឋមន្រ្តីទី ១០ របស់ប្រទេសម៉ាឡេស៊ី។ នេះបើតាមការប្រកាសរបស់ព្រះរាជវាំង អ៊ីស្តាណា ណេហ្ការ៉ា ក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលមានវ័យ ៧៥ឆ្នាំ នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី នៅម៉ោង ៥ល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅឯព្រះរាជវាំង អ៊ីស្តាណា ណេហ្ការ៉ា។
ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា ក្នុងថ្ងៃព្រហស្បតិ៍ នេះ បានសម្រេចជ្រើសរើសលោក អាន់វ៉ា អ៊ីប្រាហ៊ីម ឱ្យធ្វើជានាយករដ្ឋមន្រ្តីដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការជាប់គាំងអស់ប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតសកល។
បើតាមព្រះរាជបន្ទូលទ្រង់ ទ្រង់មានព្រះទ័យជឿជាក់ថា លោក អាន់វ៉ា ហើយនិងក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក មានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភា សម្រាប់ឈានទៅបង្កើតរដ្ឋាភិបាល ដើម្បីដឹកនាំម៉ាឡេស៉ីក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ការប្រកាសជ្រើសរើសលោក អាន់វ៉ា ជានាយករដ្ឋមន្រ្តី ដោយមហាក្សត្រីម៉ាឡេស៊ីខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះ PN បាននិយាយថា ខ្លួនបានយល់ព្រមពិចារណាលើសំណើរបង្កើតរដ្ឋាភិបាលរួបរួមជាមួយក្រុមចម្រុះ PH៕ ប្រភព៖ CNA និង AFP ដោយ៖ ទីណា និងបុត្រា

