កូរ៉េខាងជើងព្រមានថា ទណ្ឌកម្មកូរ៉េខាងត្បូង នឹងធ្វើឱ្យមានអរិភាពកាន់តែខ្លាំង

ព្យុងយ៉ាង៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលគឺលោកស្រី គីម យូជុង នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកានេះ បានថ្លែងបរិហារលោកប្រធានាធិបតី និងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ថា «ល្ងង់លីលា» ចំពោះការពិចារណាដាក់ទណ្ឌកម្មបន្ថែមលើក្រុងព្យុងយ៉ាង។ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។

លោកស្រី គីម យូជុង បានថ្លែងថាថា ការដាក់ទណ្ឌកម្ម ឬសម្ពាធ នឹងបង្កកំហឹង និងអរិភាពបន្ថែមពីកូរ៉េខាងជើង។ ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូងបានអះអាងថា ខ្លួនកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មឯកតោភាគីបន្ថែមលើក្រុងព្យុងយ៉ាងចំពោះការបាញ់មីស៊ីលផ្លោងថ្មីៗនេះ ហើយក៏នឹងពិចារណាផងដែរ លើការដាក់ទណ្ឌកម្ម និងបញ្ឈប់ការវាយប្រហារតាមអ៊ិនធឺរណិត ដែលជាប្រភពចំណូលធំមួយរបស់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះធ្វើការញុះញង់ទ្រង់ទ្រាយធំដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម។

លោកស្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឆ្ងល់ថាតើការដាក់ទណ្ឌកម្មអ្វីទៅ? ដែលកូរ៉េខាងត្បូង ដែលមិនខុសពីឆ្កែព្រៃរត់ពាំឆ្អឹងអាមេរិកបោះឱ្យនោះ ដាក់លើកូរ៉េខាងជើងទាំងមិនគិតនោះ។ គួរឱ្យចាប់អារម្មណ៍មែន»។

មិនត្រឹមតែប៉ុណ្ណេះ លោកស្រី គីម យូជុង ថែមទាំងបានហៅប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊កយល និងមន្រ្តីរដ្ឋបាលរបស់លោក ថាជា «ពួកល្ងង់លីលា ដែលបន្តបង្កើតស្ថានភាពដ៏គ្រោះថ្នាក់» ទៀតផង។ លោកស្រីបន្ថែមថា កូរ៉េខាងត្បូង «មិនមែនជាគោលដៅរបស់យើងទេ» នៅពេលលោក មូន ជេអ៊ីន នៅកាន់អំណាចនៅឡើយ។

ប្អូនស្រីលោក គីម ជុងអ៊ុន ដដែល បានថ្លែងទៀតថា៖ «យើងព្រមានពួកមិនចេះគិត និងពួកល្ងង់លីលា ម្ដងទៀតថា ការដាក់ទណ្ឌកម្ម និងសម្ពាធដ៏ត្រដាបត្រដួសរបស់សហរដ្ឋអាមេរិក និងឧបាយកលរបស់កូរ៉េខាងត្បូងប្រឆាំងនឹង [កូរ៉េខាងជើង] នឹងបន្ថែមថាមពលដល់អរិភាព និងកំហឹង»។

សូមរំឭកថា លោកស្រី គីម យូ អ៊ុន មានតំណែងផ្លូវការជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ប៉ុន្តែគិញសម្ងាត់របស់កូរ៉េខាងត្បូងជឿថា លោកស្រីគឺជាបុគ្គលដ៏មានឥទ្ធិពលបំផុតទី២របស់កូរ៉េខាងជើងបន្ទាប់ពីលោក គីម ជុងអ៊ុន និងទទួលបន្ទុកលើការគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ការព្រមានបែបមាក់ងាយនៅថ្ងៃព្រហស្បតិ៍នេះ មិនមែនជាលើកទី១នោះទេ ប៉ុន្តែវាធ្វើឡើងនៅខណៈដែលអ្នកវិភាគរំពឹងថា កូរ៉េខាងជើងនឹងបង្កើនភាពតានតឹងផ្នែកយោធាបន្ថែមទៀតនៅលើឧបទ្វីបកូរ៉េ ដោយសារលោកស្រី គីម យូអ៊ុន ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងមានឥទ្ធិពលមួយចំនួនលើយោធារបស់ប្រទេសខ្លួន។

កាលពីខែមុនកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងអង្គភាពចំនួន ១៦ ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ វាគឺជាការដាក់ទណ្ឌកម្មឯកតោភាគីលើកដំបូងរបស់ទីក្រុងសេអ៊ូលលើកូរ៉េខាងជើងក្នុងរយៈពេល ៥ ឆ្នាំមកនេះ ប៉ុន្តែអ្នកជំនាញនិយាយថា ទណ្ឌកម្មទាំងនោះភាគច្រើនជាជំហាននិមិត្តរូបមួយ ដោយសារតែកូរ៉េទាំង២មានទំនាក់ទំនងហិរញ្ញវត្ថុតិចតួច។

ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការជំរុញរបស់ទីក្រុងសេអ៊ូលក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត លើការបង្ក្រាបសកម្មភាពអ៊ីនធឺណេតខុសច្បាប់របស់កូរ៉េខាងជើង អាចធ្វើឱ្យមានការខឹងសម្បារពីក្រុងព្យុងយ៉ាង និងធ្វើឱ្យខូចប្រភពហិរញ្ញវត្ថុ ដែលផ្គត់ផ្គង់កម្មវិធីផលិតអាវុធរបស់ប្រទេសនេះ៕

ប្រភព៖ Kim’s sister makes insulting threats to Seoul over sanctions

ads banner