ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន ផ្តល់ពាន​រង្វាន់ដល់មូលនិធិជាតិជំនួយសង្គមកម្ពុជា

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមបានទទួលពានរង្វាន់ឧត្តម្មានុវត្តន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ ពីក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association (ASSA) ​​លើកទី៣៩ នាខេត្តហ្លួងព្រះបាង ប្រទេសឡាវ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងកាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ថា ​ក្នុងកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន​លើកទី៣៩ មូលនិធិជាតិជំនួយសង្គមដែលតំណាងដោយ​រូបលោកផ្ទាល់ បានទទួលពានរង្វាន់ឧត្តម្មានុវត្តន៍នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ ពីក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាននេះ​។

ការ​ផ្តល់ពានរង្វាន់នេះ បានធ្វើឡើងនា​ ខេត្តហ្លួងព្រះបាងនៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់​ពីលោក ឈួ សុបញ្ញា ​បានដឹកនាំគណៈប្រតិភូ មូលនិធិជាតិជំនួយសង្គម ​ចូលរួម​កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមា​គមសន្តិសុខសង្គមអាស៊ាន ASSA នេះកាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដែលមានសមាជិកសមាជិកាដែលអញ្ជើញមកពីបណ្តាប្រទេសអាស៊ានសរុបចំនួន៧០រូប។

កិច្ចប្រជុំ ASSA បានប្រារព្វជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសដែលជាសមាជិកសមាគមសន្តិសុខសង្គមអាស៊ា​​ន ក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធរវាងសមាជិកអាស៊ានឱ្យបានល្អ ក៏ដូចជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅបន្តសម្រាប់ការអភិវឌ្ឍលើវិស័យសន្តិសុខសង្គម ផងដែរ។

លោកបាន​ប្រាប់ថា ៖ «ពានរង្វាន់ឧត្តម្មានុវត្តន៍ គឺជាពានរង្វាន់របស់សមាគមសន្តិសុខសង្គមអាស៊ាន ដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលជូនចំពោះបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យលើឧត្តមភាពនៃការផ្តល់សេវាគាំពារសង្គមជូនដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ»។

ឯកឧត្តម​បានបន្ថែមទៀតថា ការទទួលបានពានរបស់មូលនិធិជាតិជំនួយសង្គមពីក្រុមប្រឹក្សាជាតិសន្តិសុខសង្គមនេះគឺជាមោទនភាពមួយរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ដែលបានទទួលពានរង្វាន់ និងការទទួលស្គាល់នេះ​ជាលើកដំបូង ខណ:ស្ថាប័ននេះទើបបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២២ តាមរយ:អនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ 

គណ:កម្មការបានវាយតម្លៃសម្រាប់ការផ្តល់ពាន់រង្វាន់ដោយផ្តោតលើ យន្តការអនុវត្ត, ប្រព័ន្ធបើកផ្តល់, លទ្ធផលអនុវត្ត, ការសហការរបស់ស្ថាប័នពាក់ព័ន្ធ៕

ដោយ៖នាង សុគន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner