តុលាការកំពូលចក្រភពអង់គ្លេស ច្រានចោលផែនការធ្វើប្រជាមតិផ្ដាច់ខ្លួនរបស់ស្កុតឡែន
អង់គ្លេស៖ តុលាការកំពូលរបស់ចក្រភពអង់គ្លេសបានសម្រេចកាលពីថ្ងៃពុធថា ស្កុតឡែនមិនមានអំណាចធ្វើប្រជាមតិថ្មីសុំឯករាជ្យភាពផ្ទាល់ខ្លួន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេសនោះទេ។ ការវិនិច្ឆ័យនេះគឺជាជំហានថយក្រោយសម្រាប់យុទ្ធនាការរបស់រដ្ឋាភិបាលស្កុតឡែន ក្នុងការបំបែកខ្លួនចេញពីចក្រភពអង់គ្លេស។
ប្រធានតុលាការកំពូលលោក Robert Reed បានថ្លែងថា ចៅក្រមទាំង៥នាក់បានសម្រេចជាឯកច្ឆ័ន្ទនៅក្នុងសាលក្រមនេះ។ ការសម្រេចនេះ ធ្វើឡើងរយៈពេល៦សប្តាហ៍បន្ទាប់ពីមេធាវីសម្រាប់រដ្ឋបាលស្កុតឡែន ដែលទាមទារឯករាជ្យ និងរដ្ឋាភិបាលអភិរក្សនិយមចក្រភពអង់គ្លេស បានជជែកតវ៉ារឿងក្តីរបស់ខ្លួននៅសវនាការនាទីក្រុងឡុងដ៍។
សូមបញ្ជាក់ថា រដ្ឋាភិបាលពាក់កណ្ដាលស្វយ័តស្កុតឡែន មានគម្រោងចង់ធ្វើប្រជាមតិនៅខែតុលាឆ្នាំក្រោយ ថាតើស្កុតឡែនគួរតែជាប្រទេសមានឯករាជ្យភាពផ្ទាល់ខ្លួនឬយ៉ាងណា។
យ៉ាងណាមិញរដ្ឋាភិបាលចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ បានបដិសេធមិនអនុម័តផែនការនេះ ដោយលើកឡើងថា ប្រជាមតិដូច្នេះបានធ្វើឡើងម្ដងរួចមកហើយនៅក្នុងឆ្នាំ ២០១៤ ដែលកាលនោះប្រជាជនស្កុតឡែនភាគច្រើនបានបោះឆ្នោតគាំទ្រលើការបន្តនៅជាមួយចក្រភពអង់គ្លេស ពោលគឺមានរហូតដល់ ៥៥ ភាគរយ ទល់នឹង ៤៥ ភាគរយ ដែលចង់ផ្ដាច់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលគាំទ្រឯករាជ្យភាពនៅក្រុងអឺឌិនប៊ើក ចង់ធ្វើប្រជាមតិឡើងវិញ ក្រោមហេតុផលថា ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ដែលអ្នកបោះឆ្នោតស្កុតឡែនភាគច្រើនបានជំទាស់ បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចយ៉ាងខ្លាំង។
រដ្ឋមន្ត្រីទី១របស់ស្កុតឡែនលោកស្រី Nicola Sturgeon បាននិយាយថា លោកស្រីនឹងគោរពសេចក្តីសម្រេចនេះ ប៉ុន្តែនឹងបន្តការតស៊ូដើម្បីឯករាជ្យភាព ដោយលើកឡើងថាសិទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសអនាគតផ្ទាល់ខ្លួនរបស់ស្កុតឡែន ស្ថិតនៅក្នុងការជាប់គាំង។
លោកស្រី Sturgeon បានប្រកែកថា លោកស្រីមានអំណាចបែបប្រជាធិបតេយ្យពីប្រជាជនស្កុតឡែន ដើម្បីរៀបចំការបោះឆ្នោតប្រជាមតិថ្មី ដោយសារតែមានសំឡេងភាគច្រើនគាំទ្រឯករាជ្យភាពនៅក្នុងសភាស្កុតឡែន។
ក្នុងអំឡុងសវនាការរបស់តុលាការកំពូលកាលពីខែមុន លោកស្រី Dorothy Bain មន្ត្រីច្បាប់កំពូលរបស់រដ្ឋាភិបាលស្កុតឡែន បានផ្ដល់អំណះអំណាងថា សមាជិកសភាស្កុតឡែនភាគច្រើន ត្រូវបានប្រជាជនបោះឆ្នោតឱ្យ ដោយមើលទៅការប្តេជ្ញាចិត្តដើម្បីធ្វើប្រជាមតិឯករាជ្យថ្មីមួយ។
ប៉ុន្តែមេធាវីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លោក James Eadie បានអះអាងថា អំណាចដើម្បីធ្វើប្រជាមតិគឺស្ថិតនៅលើសភាចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ ពីព្រោះវាមានសារៈសំខាន់សម្រាប់ចក្រភពអង់គ្លេសទាំងមូល មិនមែនត្រឹមតែប្រទេសស្កុតឡែនប៉ុណ្ណោះទេ។
តុលាការកំពូលក៏យល់ព្រមលើការលើកឡើងបែបនេះផងដែរ ខណៈលោក Reed បានសង្កត់ធ្ងន់ថា តុលាការមិនត្រូវបានស្នើ ឱ្យបង្ហាញពីទស្សនៈលើសំណួរនយោបាយថាតើស្កុតឡែនគួរតែក្លាយជាប្រទេសឯករាជ្យឬយ៉ាងណា ក៏ដោយ»។
គួរកត់សម្គាល់ផងដែរថា ការស្ទង់មតិផ្សេងៗគ្នាបង្ហាញថា ប្រជាជាតិស្កុតឡែនមានការបែកចែកជុំវិញពីការផ្ដាច់ខ្លួនចេញពីចក្រភាពអង់គ្លេស ដោយអ្នកបោះឆ្នោតភាគច្រើនមិនចង់ធ្វើប្រជាមតិថ្មីនៅពេលណាមួយឆាប់ៗនោះទេ។ នេះបើតាមការស្រង់ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ស្កុតឡែន និងអង់គ្លេស បានឯកភាពគ្នាផ្នែកនយោបាយតាំងពីឆ្នាំ ១៧០៧ ហើយស្កុតឡែនមានសភា និងរដ្ឋាភិបាលផ្ទាល់ខ្លួនតាំងពីឆ្នាំ១៩៩៩ ដោយបង្កើតគោលនយោបាយផ្ទាល់ខ្លួនលើសុខភាពសាធារណៈ ការអប់រំ និងបញ្ហាផ្សេងៗទៀត។ ចំណែករដ្ឋាភិបាលចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍វិញ គ្រប់គ្រងបញ្ហាទូទៅធំជាងនេះ ដូចជាវិស័យការពារជាតិ និងគោលនយោបាយសារពើពន្ធជាដើម៕
ដោយ៖ហួន ឌីណា
ប្រភព៖ UK top court rules against Scottish independence vote plan