សេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ត្រូវបានលើកយកមកពិភាក្សា​ដើម្បី​យកទៅ​អនុវត្តឱ្យ​កាន់តែមានប្រសិទ្ធភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួមនឹង​ស្ថាប័ន​ពាក់ព័ន្ធជាច្រើនបាន​ធ្វើ​ការ​ពិនិត្យ​ និង​​ពិគ្រោះយោបល់គ្នា ក្នុងការរៀបចំផែនការជាតិនេះ។

យោងតាមក្រសួង​មហាផ្ទៃបាន​ឱ្យដឹងថា កិច្ច​ប្រជុំ​ឆ្លងសេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល​ ១០ ​ឆ្នាំ នេះបាន​ធ្វើឡើង​នាថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នា​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ ក្រោមអធិតីភាព​​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃនិង​មានការចូលរួម​ពីទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  ស៊ុន ចាន់ថុល ផងដែរ។​

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខា​ធិការដ្ឋាននៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗ នៃផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០នេះ​ដល់អង្គប្រជុំ​ផងដែរ។លោកស្រីបាន​លើកឡើងនាពេលនោះថា ​​ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ គឺជាផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ ដល់២០២១ ដែលបានអនុវត្តរួច។

លោកជំទាវ មឹន មាណវី មានប្រសាសន៍ថា ​៖ «ផែនការជាតិទសវត្សរ៍នេះក៏ជាឧបករណ៍ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលន​យោ​បាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក»។

ទន្ទឹមនឹងនោះលោកជំទាវ​ក៏​បានបញ្ជាក់ផងដែរ​ថា ផែនការនេះក៏បានសម្របសម្រួលទៅតាមផែនការស​កម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និងស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ និងពិសេសវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក។

វិស័យពាក់ព័ន្ធទាំងនោះ មាន​ដូចជា  អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រ​ឈមនានា។

លោកជំទាវ មឹន មាណវី បាន​បន្ថែមថា ៖ «ជារួមផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរា​ចរណ៍ តាមគោលដៅដែលបានកំណត់»។​

​​​​​នៅ​ក្នុង​អង្គប្រជុំនេះសម្ដេចក្រឡហោម  ស ខេង ​បានថ្លែងអំណគុណចំពោះក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាពច​រាចរណ៍ផ្លូវគោក (គ.ស.ច.គ) ទាំងអស់ ដែលបានផ្ដល់យោបល់ល្អៗជាច្រើន ដើម្បីកែលម្អផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០។

ជាមួយគ្នានោះសម្ដេចក្រឡាហោមក៏បានណែនាំដល់ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ ត្រូវបន្ដនិតិវិធី ពិនិត្យឯកសារនេះបន្ថែមទៀតដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាពផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា​ បាន​លើកឡើងថា គោលដៅចម្បងមួយនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់នៅតាមដងផ្លូវឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក។

​ប្រភពដដែលនេះ បាន​លើកឡើងផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកពីបណ្តាប្រទេសជុំវិញពិភពលោកនឹងមកជួបជុំគ្នា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលជាផ្នែកមួយនៃសប្តាហ៍មហាសន្និបាតអង្គការសហប្រជាជាតិ។

នេះគឺជាពេលវេលាដ៏មានសារៈសំខាន់ដើម្បីធ្វើការពិនិត្យទៅលើវឌ្ឍនភាពនាពេលបច្ចុប្បន្នក្នុងការអនុវត្តរបៀបវារៈសម្រាប់ឆ្នាំ២០៣០ ហើយនឹងរបៀបដែល​នឹងត្រូវធ្វើដើម្បីឈានឱ្យគៀកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧៕

ដោយ៖នាង សុគន្ធា

ads banner