អាជ្ញាធរក្រុងជាង១០០ក្នុងអាស៊ាននិងដៃគូនឹងជួបគ្នានៅភ្នំពេញដើម្បីពិភាក្សាពីការអភិវឌ្ឍទីក្រុង
ភ្នំពេញ៖អាជ្ញាធរក្រុងនិងខេត្តជាង១០០ក្នុងតំបន់អាស៊ាននិងដៃគូអាស៊ាននឹងជួបប្រជុំគ្នានៅភ្នំពេញនាដើមខែធ្នូខាងមុខ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍ទីក្រុងនិងដោះស្រាយបញ្ហាប្រឈមនានា។នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រក្រសួងមហាផ្ទៃដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
គេហទំព័រក្រសួងមហាផ្ទៃបញ្ជាក់ថាកិច្ចប្រជុំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ នៅភ្នំពេញ។
ប្រភពដដែលបន្តថា វេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖«វេទិកានេះគឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន អាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវ ត្តន៏ល្អៗ ក៏ដូចជាទស្សនៈរបស់ពួកគាត់សម្រាប់ការកសាងសហគមន៍អាស៊ាន»។
កាលពីថ្ងៃទី២៥ខែវិច្ឆកាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំបានដឹកនាំកិច្ចប្រជុំត្រៀមមួយដើម្បីពិភាក្សាត្រៀមកិច្ចពារសន្តិសុខសុវត្ថិភាពជូនគណៈប្រទិភូដែលមកចូលរួម។ លោកបានថ្លែងទៅកាន់អ្នកចូលរួមថា ៖«កិច្ចប្រជុំនេះ យើងរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទំរង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។ ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ»។
ទាក់ទងនឹងការអភិវឌ្ឍទីក្រុងនេះដែរ ប្រធានគម្រោងពង្រឹងអំណាចសហគមន៍របស់អង្គការសមាគមធាងត្នោត លោក ឃុន តុលា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះកិច្ចប្រជុំរបស់អាជ្ញាធរក្រុងទាំងអស់ដែលមកជួបគ្នានៅភ្នំពេញនាខែធ្នូខាងមុខ។ក្នុងនោះដែរ លោកស្នើឱ្យអាជ្ញាធរក្រុងគិតគូររៀបចំការអភិវឌ្ឍន៍ដោយឈរលើគោលការណ៍ច្បាប់ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាសហគមន៍ក្រីក្របានទទួលអត្ថប្រយោជន៍ផង។
លោកឃុន តុលាបញ្ជាក់ថា៖«ក្នុងនាមជាសង្គមស៊ីវិលឃ្លាំមើលបញ្ហាអភិវឌ្ឍន៍ទីក្រុង យើងចង់ឱ្យអាជ្ញាអភិវឌ្ឍន៍ដោយឈរលើគោលការណ៍ច្បាប់ជាតិអន្តរជាតិឬលិខិបទដ្ឋានដែលមានស្រាប់។យើងមិនចង់ឃើញអ្នកក្រគាត់រងផលប៉ះពាល់ រងការបណ្ដេញចេញដោយគ្មានសំណងសមរម្យ បណ្ដេញចេញដោយបង្ខំនោះឡើយ។ យើងចង់បានការអភិវឌ្ឍដែលមានការចូលរួម»៕ដោយ៖វណ្ណ ស័ក្ដិ