ការតវ៉ាផ្ទុះឡើងនាតំបន់មួយចំនួននៅចិនប្រឆាំងនឹងវិធានការកូវីដ១៩ ខណៈបាតុករខ្លះទាមទារឱ្យលោក ស៊ី ចុះពីតំណែង
ចិន៖ប្រជាជនចិនរាប់ពាន់នាក់ចេញធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគោលនយោបាយបិទខ្ទប់ «សូន្យកូវីដ» នៅតាមបណ្ដាទីក្រុងនានាទូទាំងប្រទេសចិនកាលពីចុងសប្ដាហ៍និងបន្តដល់ព្រឹកថ្ងៃចន្ទទី ២៨ ខែវិច្ឆិកានេះ ដោយក្រុមបាតុករនៅកន្លែងខ្លះ ថែមទាំងបានស្រែកទាមទារឱ្យលោកប្រធានាធិបតី ស៊ី ជិនពីង ចុះចេញពីតំណែងទៀតផង។
គិតត្រឹមរសៀលថ្ងៃអាទិត្យការតវ៉ាទ្រង់ទ្រាយធំបានធ្វើឡើងនៅក្រុងធំៗរួមមាន៖ សៀងហៃ ប៉េកាំង Chengdu Guangzhou និងក្រុង Wuhan ជាដើម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមបាតករយ៉ាងហោចណាស់ ១ ០០០ នាក់ បានធ្វើការប្រមូលផ្ដុំគ្នាជាថ្មីនៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីចំនួនក្រុមបាតុករដែលត្រូវរងគ្រោះដោយសារការប៉ះទង្គិចគ្នាជាមួយ ឬត្រូវចាប់ខ្លួនដោយអាជ្ញាធរចិននៅទូទាំងប្រទេសនោះទេ។
នៅសៀងហៃ ដែលមានអ្នកតវ៉ាជាង ៣០០ នាក់ប្រមូលផ្ដុំគ្នានៅថ្ងៃសៅរ៍ និងជាទីក្រុងមួយក្នុងចំណោមទីក្រុងចិនធំៗដែលការតវ៉ាផ្ទុះឡើងនោះ ក្រុមបាតុករបានស្រែកថា៖ «ចុះចេញ ស៊ី ជិនពីង! ចុះចេញ បក្សកុម្មុយនីស្ត»។
ជាមួយគ្នានេះផងដែរ ការរាយការណ៍ពីសារព័ត៌មានផ្សេងៗ និងខ្សែវីដេអូជាច្រើនពីកន្លែងតវ៉ានៅតាមទីក្រុងខុសៗគ្នា បានបង្ហាញថា ក្រុមអ្នកតវ៉ាមិនត្រឹមតែទាមទារឱ្យលោក ស៊ី ឬបក្សកុម្មុយនីស្តរបស់លោកចុះចេញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានស្រែកផងដែរថា «មិនចង់បានការធ្វើតេស្តកូវីដទេ តែចង់បានសេរីភាព!» «មិនចង់បានរបបផ្តាច់ការទេ ចង់បានលទ្ធិប្រជាធិបតេយ្យ!» និង«បើកស៊ីនជាំង បើកចិនវិញ!» ជាដើម។
បាតុកម្មដ៏កម្រនៅចិនបែបនេះ ផ្ទុះឡើងចាប់តាំងពីថ្ងៃសុក្រ បន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយ ឆាបឆេះលើអាផាតមិននៅតំបន់ស៊ីនជាំងកាលពីថ្ងៃព្រហស្បតិ៍ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់។
ក្រុមបាតុករបានកាន់ទុក្ខជនគ្រោះដែលស្លាប់នៅក្នុងអគ្គិភ័យនេះ និងបង្ហាញការខឹងសម្បាររបស់ខ្លួនទៅលើការបិទខ្ទប់«សូន្យកូវីដ» បន្ទាប់ពីវីដេអូផ្សេងៗពីកន្លែងកើតហេតុបង្ហាញថា វិធានការដ៏តឹងរ៉ឹងនេះ បានពន្យាពេលក្រុមអ្នកពន្លត់អគ្គិភ័យក្នុងការធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ខ្លួន និងធ្វើឱ្យជនរងគ្រោះពិបាករត់ចេញ។ ទោះបីជាប៉ូលីសបានបដិសេធនូវកំហុសទាំងនេះក៏ដោយ អគ្គិភ័យនៅស៊ីនជាំងនេះ បានក្លាយជាប្រធានបទស្នូលរបស់ក្រុមអ្នកតវ៉ា។
បើតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន CNN ការតវ៉ាបានបន្តតានតឹងមកទល់យប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី ២៨ ខែវិច្ឆិកានេះ។ រាប់តាំងពីទីក្រុងសៀងហៃ រហូតដល់រដ្ឋធានីប៉េកាំង ក្រុមអ្នកវ៉ាបានស្រែកប្រឆាំងនឹងការបិទខ្ទប់សូន្យកូវីដ និងអំពាវនាវសុំសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ តាមបរិវេណសាកលវិទ្យាល័យចិនរាប់សិបផ្សេងទៀត ក្រុមនិស្សិតក៏បានធ្វើបាតុកម្ម ឬដាក់ផ្ទាំងបដាដើម្បីតវ៉ាដូចគ្នានេះផងដែរ ក្នុងរូបភាពនយោបាយមួយដ៏រសើបសម្រាប់បក្សកុម្មុយនីស្ត ដែលធ្លាប់ប្រឈមមុខនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំនៅទីលានធានអានមេនដឹកនាំដោយនិស្សិតក្នុងឆ្នាំ ១៩៨៩។
គួរបញ្ជាក់ថា ជិត៣ឆ្នាំចាប់តាំងពីកូវីដ-១៩ ផ្ទុះឡើង ចិននៅតែប្រកាន់ខ្ជាប់ជាមួយនឹងគោលនយោបាយសូន្យកូវីដរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល ដោយនិយាយថា វាជាវិធានការការពារជីវិតប្រជាជនជាធំ និងសំខាន់សម្រាប់ប្រព័ន្ធសុខាភិបាល។
ពីដំបូងឡើយវិធានការនេះមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលប្រទេសផ្សេងៗទៀតជាពិសេសលោកខាងលិច មានអត្រានៃការឆ្លង និងស្លាប់ដោយសារកូវីដ ខ្ពស់កប់ពពក។ យ៉ាងណាមិញ ប៉ុន្មានជាងមួយសប្ដាហ៍ចុងក្រោយ ការឆ្លងនៅទូទាំងប្រទេសចិនប្រចាំថ្ងៃមានរាប់ម៉ឺនករណី ដោយនៅថ្ងៃអាទិត្យ (២៧ វិច្ឆិកា) នេះ ចិនរាយការណ៍ពីអ្នកធ្វើតេស្តវិជ្ជមានកូវីដថ្មីជាង ៣៩ ០០០ ករណី ខណៈការបិទខ្ទប់នៅតែបន្តតឹងរ៉ឹង៕
ដោយ៖ហួន ឌីណា ប្រភព៖ Protests erupt across China in unprecedented challenge to Xi Jinping’s zero-Covid policy