រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា អនុញ្ញាតឱ្យសមាគមធុរកិច្ចថៃ-កម្ពុជា ចូលជួបស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។ ជំនួបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម ។

លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner