អាជ្ញាធរដាក់ក្ដីរំពឹងថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុនឹងទាក់ទាញភ្ញៀវទេសចរច្រើនមកលេងកម្សាន្ត
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញក្តីរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ព្រោះវាជាព្រឹត្តិការណ៍ពិភពលោក ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ និងត្រៀមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលព្រឹត្តិការណ៍នេះ នឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តច្រើន ។
ទោះជាយ៉ាងណាលោកមិនទាន់ហ៊ានព្យាករពីចំនួនភ្ញៀវទេសចរមានប៉ុន្មានថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នោះទេ ប៉ុន្តែ តាមរយៈគម្រោងផ្លូវល្បឿនភ្នំពេញព្រះសីហនុ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនឹងចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យចូលរួមច្រើន ។
លោកថ្លែងថា៖ « ពាក់ព័ន្ធនឹងបច្ចេកទេសចំនួនភ្ញៀវទេសចរខ្ញុំមិនអាចហ៊ានថា យ៉ាងម៉េចទេ អាហ្នឹងសួរទៅខាងក្រសួងទេសចរណ៍ »។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំលេខ ០០៨ ឱ្យមន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ (ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប) ត្រូវបន្តចុះណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានសុវត្ថិភាពទេសចរណ៍ និតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
ក្រសួងតម្រូវ ឱ្យ ផ្ដល់កិច្ចសហការល្អជាមួយសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព (ការដឹកជញ្ជូន កីឡាទេសចរណ៍ សកម្មភាពទេសចរណ៍ ដែលមានលក្ខណៈផ្សងព្រេងជាដើម)។ជាពិសេស ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់សម្រាប់ជូនភ្ញៀវទេសចរ ដែលមកទទួល យកសេវាកម្មរបស់ខ្លួន។
ក្រសួងក៏តម្រូវឱ្យមានការតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ត្រូវបង្ហាញនូវវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ។ ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានតុបតែងភ្លើងលម្អ និងដាក់បង្ហាញ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្មត្រូវដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជាទាំង៣។
សេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បន្ថែមថា៖« ម្ចាស់អាជីវកម្មត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវមានបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់។ត្រូវក្រើនរំលឹកនិងបណ្ដុះបណ្ដាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់។ ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ត្រូវលាងសម្អាតជាប្រចាំ និងឱ្យបានញឹកញាប់។ ត្រូវអនុវត្តរាល់បទប្បញត្តិជាធរមាន និងរាល់ការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត»។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ កំណើនភ្ញៀវទេសចរណ៍នៅរយៈពេលចុងក្រោយនេះ ដោយសារមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕
ដោយ៖យុទ្ធ វីរៈ