ការស្ថាបនាផ្លូវបេតុងសរសៃដែកចំនួន ២ខ្សែរ ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ១ខ្សែសម្រេចបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត កំពុងតែដំណើរការសាងសង់
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រុមការងារ ចុះត្រួតពិនិត្យ ការដ្ឋាន ធ្វើផ្លូវចំនួន ២ខ្សែរ ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ផ្លូវចំនួនពីរខ្សែនេះជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២២ មួយខ្សែលេខ៣៥៧ មានទទឹង ៨ម៉ែត្របណ្ដោយ ១៧៥ម៉ែត្រ សម្រេចការស្ថាបនាបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត លេខ៣៦៩ នៅទល់មុខ បេនឡានផ្សារច្បារអំពៅកំពុងតែដំណើរការសាងសង់ ។
ក្នុងការចុះពិនិត្យ ផ្លូវបេតុងសរសៃដែកទាំងពីរខ្សែនេះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យ ខាងក្រុមហ៊ុនដែលកំពុងដំណើរការសាងសង់ សូមអនុវត្តទៅតាមកិច្ចសន្យា ជាពិសេសពេលអនុវត្តគម្រោងត្រូវធ្វើឱ្យស្របតាមលក្ខណៈបច្ចេកទេសនៃសំណង់ ដើម្បីជាប្រយោជន៍រួមហើយក្រុមហ៊ុនក៏ទទួលបាន ការកោតសរសើរពីអាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ និងមន្ត្រីក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារច្បារអំពៅលើនិងផ្សារបន្លែច្បារ អំពៅ ដើម្បីស្វែងយល់ ពីមុខរបរអាជីវកម្មរបស់បងប្អូនអាជីវករ និងបញ្ហាប្រឈម មួយចំនួន និងស្វែងយល់ពីតម្រូវការ សំណូមពរ របស់អាជីវករផងដែរ ៕ ប៊ុនធី-សណ្តោស



