ក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គ ប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ
ភ្នំពេញ៖ក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គលើកឡើងថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ(MRC)នឹងធ្វើសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការការពារទន្លេមេគង្គ ។
ប្រភពដដែលបន្តថា កាលពីសប្ដាហ៍មុនស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងតំបន់ ដើម្បីត្រួតពិនិត្យ និងការពារសុខភាពផ្លូវទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ ការផ្ដួចផ្ដើមទាំងនោះត្រូវបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សា MRC តំណាងប្រទេសសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដែលអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូលដែលបានរចនាឡើងវិញ ដែលមុខងារសំខាន់គឺគាំទ្រដល់រដ្ឋាភិបាលទាំងបួន។
តំណាងប្រទេសទាំងនេះបានប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងតាមដានបញ្ហាសំខាន់ៗដូចជា៖ ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គបានស្រង់ប្រសាសន៍របស់ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២២ គឺលោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាម បានលើកឡើងពីសារៈសំខាន់របស់ផែនការគ្រងគ្រងធនធានទឹក(MWP) ។
លោក Tran Hong Ha ថា៖ «វានឹងចាប់ផ្តើមដំណាក់កាលសំខាន់ទីពីរនៃផែនការយុទ្ធសាស្ត្រ។ ជាងនេះទៅទៀត វាជាធាតុផ្សំសំខាន់នៃ កិច្ចខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រទេសសមាជិក ដើម្បីធ្វើការឆ្ពោះទៅកាន់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ»។
នៅក្នុងផែនការគ្រងគ្រងធនធានទឹក(MWP) សម្រាប់ឆ្នាំ២០២២ មានកិច្ចការចំនួន ១៥៨ ត្រូវបានដាក់ចេញដែលក្នុងនោះមានតែចំនួន១២៣ត្រូវបានបញ្ចប់នៅខែតុលាកន្លងមកនេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គដែលស្រង់សំដីរបស់នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC គឺលោក Anoulak Kittikhoun ។
លោក Anoulak Kittikhoun បានប្រាប់ក្រុមប្រឹក្សាថា៖ « យើង ដោយដឹងពីបញ្ហាប្រឈមធំៗដែលមេគង្គកំពុងប្រឈម និងពេលវេលាតិចតួចដែលយើងមាន»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងទៀតថាMRCបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធចម្រុះ រួមទាំងពីសង្គមស៊ីវិល និងបានលើកទឹកចិត្តឲ្យអង្គការនេះ រៀបចំឲ្យមានការចូលរួមជាផ្លូវការជាមួយអ្នកពាក់ព័ន្ធទាំងនេះ។ ហើយក្រុមនេះក៏បានលើកទឹកចិត្តដល់ការចែករំលែកព័ត៌មាន និងទិន្នន័យបន្ថែមទៀត ជាពិសេសលើទំនប់វារីអគ្គិសនី ហើយការផ្តោតជារួមរបស់ MRC លើបញ្ហា ឆ្លងដែន ដែលពាក់ព័ន្ធនឹងភាគីពាក់ព័ន្ធជាច្រើន និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់មេគង្គរាប់សិបលាននាក់ ដូចជាការអភិវឌ្ឍន៍ធនធានទឹក និងការសម្របសម្រួលរបស់ប្រតិបត្តិការទំនប់ជាដើម។
គណៈកម្មការទន្លេមេគង្គ(MRC) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ដោយផ្អែកលើកិច្ចព្រមព្រៀងមេគង្គក្នុងចំណោមប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម MRC មានតួនាទីជាវេទិកាតំបន់សម្រាប់ការទូតទឹក និងជាមជ្ឈមណ្ឌលចំណេះដឹង ដើម្បីគ្រប់គ្រងធនធានទឹក និងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់។
នៅឆ្នាំ២០២៣ខាងមុខប្រទេសកម្ពុជានឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គបន្ទាប់ពីវៀតណាម។ឯកឧត្តម លឹម គានហោ ដែលជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនឹងទទួលតំណែងប្រធាននេះ៕
ដោយ៖ជា សុខនី