ជំងឺកូវីដ១៩បំផ្លាញវឌ្ឍនភាពរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩បានធ្វើឱ្យអត្រាភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗនេះ។
របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង“ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន”(Toward A More Inclusive and Resilient Cambodia)របស់ធនាគារពិភពលោកបានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨ភាគរយ មកនៅត្រឹម១៧,៨ភាគរយ ដោយជួយឱ្យប្រជាជនកម្ពុជាជិត២លាននាក់បានរួចផុតពីភាពក្រីក្រ។ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មកអត្រានេះបានកើនឡើង២,៨ភាគរយដែលមានន័យថា ប្រជាជនប្រហែល៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។
ចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរនិងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធបាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួលនិងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។
របាយការណ៍បានរកឃើញថាការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្មជាឧទាហរណ៍នៅក្នុងវិស័យទេសចរណ៍កាត់ដេរនិងសំណង់មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។កំណើនដែលនាំមុខដោយពាណិជ្ជកម្មនិងការវិនិយោគបានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅក្នុងផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាបទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាងនិងបង្កើនប្រាក់ចំណូលរបស់ពួកគេ។
ទន្ទឹមគ្នានេះដែរលក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋានមានដូចជាអគ្គិសនីការផ្គត់ផ្គង់ទឹកស្អាតអនាម័យសុខភាពនិងការអប់រំជាដើមមានភាពប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោមប្រជាជនទូទៅ។ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅទីជនបទនិងនៅទីប្រជុំជន រួមតូចជាងមុន។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖«កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធបានជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ការងារនិងប្រាក់កម្រៃ»។
របាយការណ៍នេះលើកអនុសាសន៍ថាកម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។អន្តរាគមន៍ទាំងនោះអាចរួមមានការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាលនិងការអប់រំ ជាដើម។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងទទួលស្គាល់ថា កំណើនៃភាពក្រីក្ររបស់កម្ពុជា ពិតជាមានការកើនឡើង ដោយសារតែ វិបត្តិកូវីដ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសនេះ បាត់បង់ចំណូល និង ការងារ ។ ទោះជារាជរដ្ឋាភិបាលខិតខំស្តារប្រព័ន្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ភាពក្រីក្រនេះ នៅតែបន្តកើតមាន ប៉ុន្តែគ្រាន់តែមានការថមថយ បើធៀបទៅនឹងឆ្នាំ ២០២០ និង ឆ្នាំ ២០២១។
លោកបន្តថា វិបត្តិនៃតំបន់អឺរ៉ុប ដូចជាករណីជម្លោះរវាងរុស្សី និងអ៊ុយក្រែន បានបន្ត ឱ្យមានអតិផរណា និងគួបផ្សំជាមួយនឹង វិបត្តិនៅសហរដ្ឋអាមេរិកដែលបានតម្លើងអត្រាការប្រាក់ដុល្លារ បានជំរុញឱ្យមានអតិផរណា កាន់តែខ្ពស់ៗឡើង ដែលធ្វើឱ្យភាពក្រីក្រនៅក្នុងប្រទេសកាន់តែកើនឡើង។ យ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលទទួលផលប៉ះពាល់ពីជំងឺកូវីដ ១៩ ផងដែរ៕ ដោយ៖ យុទ្ធ វីរៈ