ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ បានបួនឆ្នាំ ហើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាខួបបួនឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងក្រសួង-ស្ថាប័នជាច្រើន បានចូលរួមអបអរសាទរខួបបួន ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតនេះ ដោយបានបង្ហោះជាវីដេអូចំនួនមួយនាទី ដើម្បីអបអរសាទរខួបបួនឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះផងដែរ។

ល្ខោនខោល គឺជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

ក្រសួងបានបញ្ជាក់ថា ៖ «ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ គឺជាមោទកភាពជាតិដ៏ធំ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងផ្តល់អាទិភាពខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ»។

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យ សិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបកម្ពុជា ទទួលបាននូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូល ល្ខោនខោល នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ ដ៏ត្រចះត្រចង់នាពេលនេះ។

សូមរំឮកដែរថា មកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកសរុប ចំនួន៨ ក្នុងនោះរួមមាន៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែក ឬ ល្ខោនស្បែកធំ, ប្រាសាទព្រះវិហារ ,ល្បែងទាញព្រ័ត្រ , ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក និង ល្ខោនខោលវត្តស្វាយអណ្ដែត៕ ដោយ៖ នាង សុគន្ធា

ads banner