លោក យ៉ង សាំងកុមារ បានទទួលឋានៈជារដ្ឋលេខាធិការក្រសួងកសិកម្ម
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ថា លោកអាចរួមការងារជាមួយរដ្ឋាភិបាលបក្សកាន់អំណាចបានព្រោះលោកនិងសម្ដេចតេជោ ហ៊ុន សែន មានទស្សនៈវិស័យជាទូទៅដូចគ្នាពាក់ព័ន្ធនឹងបញ្ហាប្រឈមនិងដំណោះស្រាយនៃវិស័យកសិកម្មនៅកម្ពុជា។ប្រភពពីក្រសួងកសិកម្មឱ្យដឹងថា លោក យ៉ង សាំងកុមារ នឹងទទួលតំណែងជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោកយ៉ង សាំងកុមារ ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលោកមានតួនាទីជាប្រធានគណៈកម្មាធិការនាយកបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីរូបលោកបានផ្ញើលិខិតចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចក្នុងគោលដៅលើកស្ទួយវិស័យកសិកម្មកម្ពុជាកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។
លោកយ៉ង សាំងកុមារ អះអាងថាលោកបានលើកឡើងពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ។ទស្សនៈវិស័យនិងវិធានការកែលម្អជាពិសេស ផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធនានាទៀត ដែលមានការចូលរួមពីសំណាក់លោក ឡឹក សុធា ដែលជាមនុស្សជំនិតរបស់លោកយ៉ង សាំងកុមារ និងវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផង។
លោកយ៉ង សាំងកុមារ បានសង្កត់ធ្ងន់ពីគោលដៅជីវិតជីវភាពនយោបាយរបស់លោកជាមួយរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ជាទូទៅយើងមានទស្សនៈវិស័យដូចគ្នាទាក់ទងនឹងបញ្ហាប្រឈមនិងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន ។
ជាមួយគ្នានេះដែរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានអ្នកតាមដានចំនួន ១៣លាននាក់ ក៏បានបញ្ជាក់ពីវត្តមាននៃមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលនឹងត្រូវរួមរស់ជាមួយគណបក្សកាន់អំណាចវិញ ដូច្នេះថា៖« ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង់ សាំងកុមារព្រម លោកឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា» ។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) អះអាងថា ដោយរយៈពេលប្រថុចញ៉ុចខ្លាំងទើបមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយប៉ុន្តែមន្ត្រីជាន់ខ្ពស់ពីររូបដែលបានរួមដំណើររាប់ឆ្នាំជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះច្បាស់ថា នឹងចាកចេញដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក សាម អ៊ីន គូសបញ្ជាក់ថា៖« ពួកគាត់បានជូនដំណឹងឱ្យពួកយើងដឹងមួយរយៈពេលដែរហើយ ហើយពួកគាត់មានចេតនាទៅចូលរួមនយោបាយជាមួយគណបក្សប្រជាជនអ៊ីចឹង។ ព្រោះពួកគាត់មានហេតុផលមួយថា គាត់មានចំណេះដឹងខាងវិស័យកសិកម្ម ចង់ចូលរួមចំណែកជួយកសិករច្បាស់លាស់ ហើយគាត់បានមានឱកាសហើយ ព្រោះខាងគណបក្សយើងបានផ្ញើលិខិតសុំជួយលោករដ្ឋមន្ត្រីកសិកម្មឌិត ទីណា ហើយក្រោយមានជំនួប លោកឌិត ទីណា ក៏បានស្នើលោកយ៉ង សាំងកុមារ ទៅជួយការងារកសិកម្មហ្នឹងតែម្តងទៅ។ ក្រោយពិគ្រោះយោបល់ លោកបណ្ឌិត យ៉ង សាំងកុមារ ក៏សម្រេចថាទៅ ព្រោះវាជាឱកាសដែលគាត់អាចយកចំណេះជំនាញយកទៅជួយកសិករកម្ពុជា»។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មបានគូសបញ្ជា្កក់ថា លោកយ៉ង សាំងកុមារ នឹងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជានៃគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីជារដ្ឋលេខាធិការ ចំណែកលោកឡឹក សុធា វិញក្នុងដំណែងជា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញាអ៊ឹម រចនា គូសបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីកសិកម្មនិងពីសំណាក់ក្រសួង ដូច្នេះថា៖« សម្រាប់ក្រសួងកសិកម្ម និងពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា លោកបានសម្ដែងការស្វាគមន៍ចំពោះលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យឈានទៅមុខ។ ការចូលរួមនេះ សម្រាប់ឯកកឧត្តមរដ្ឋមន្ដ្រី ឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈដ៏មុតស្រួចរបស់លោកទាំងពីរនៅក្នុងវិស័យកសិកម្ម»។
ជុំវិញបញ្ហានេះដែរ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា យល់ឃើញថា វាជាសិទ្ធិនយោបាយរបស់បុគ្គលរៀងៗខ្លួន ដែលបុគ្គលគ្រប់រូបមានសិទ្ធិជ្រើសរើសគណបក្សណាដែលខ្លួនយល់ថា អាចជួយលើកកម្ពស់ជីវភាពខ្លួនបាន។លោកមានក្តីរំពឹងមួយចំនួនចំពោះវត្តមានរបស់លោកបណ្ឌិតយ៉ង សាំងកុមារ តាមរយៈចំណេះជំនាញដែលរូបលោកមានជំនាញកសិកម្មស្រាប់នោះ មកជួយកែប្រែស្ថានភាពកសិកម្មនិងសម្រួលជីវភាពប្រជាកសិករខ្មែរ តែលោកសង្កត់ធ្ងន់ថា ទាមទារឱ្យមានការបើកទូលាយក្នុងការទទួលយកអនុសាសន៍និងមតិយោបល់ជុំវិញបញ្ហាកសិកម្មពីគ្រប់ភាគីពាក់ព័ន្ធ៕ ដោយ៖ សំបាន ច័ន្ទដា