ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B នៅខេត្តក្រចេះ នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ ដែលមានប្រវែងសរុប ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ស្ថិតត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គ្រោងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ ជាមួយការចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងសាងសង់ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១៖ ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព, ២៖ ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់, ៣៖ បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ ៕ សេឌី


