នាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកការដំឡើងកញ្ចប់ថវិកាការពារជាតិដល់ ២% នៃ GDP ក្នុងឆ្នាំសារពើពន្ធ ២០២៧
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះ បានស្នើសុំឱ្យគណៈរដ្ឋមន្ត្រីបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសជប៉ុនក្នុងរង្វង់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំសារពើពន្ធ ២០២៧។
ស្របពេលដែលជប៉ុនចាត់វិធានការពង្រីកកញ្ចប់ថវិកាការពារជាតិប្រទេសរបស់ខ្លួន ក្នុងឆ្នាំដែលនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ លោក គីស៊ីដា បានផ្តល់ការណែនាំទាំងនោះដល់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នេះជាលើកទីមួយហើយ ដែលលោក គីស៊ីដា បញ្ជាក់ពីកម្រិតជាក់លាក់នៃការចំណាយលើវិស័យការពារជាតិ។ ថវិកាដំបូងរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២២ មានចំនួន ១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងទំហំទឹកប្រាក់ ៥.៤ទ្រីលានយ៉េន ឬប្រហែល ៣៩.៣ពាន់លានដុល្លារ។
យោងតាមកាសែត Nikkei Asia របស់ជប៉ុន រដ្ឋាភិបាលនឹងកំណត់ពីទំហំថវិកា ហើយធានាបាននូវមូលនិធិក្នុងរយៈពេល ៥ឆ្នាំបន្ទាប់នៅចុងខែធ្នូ ដោយស្វែងរកការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្រ្តសន្តិសុខក្រោយសង្គ្រាមលោកលើកទីពីររបស់ប្រទេសជប៉ុន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

