លោក សោម សុទ្ធរិទ្ធីពង្ស៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ មានសារសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោង វាសស្ទង់សមត្ថភាព អត្តពលិក មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ គឺជាការបង្ហាញខ្លួនដំបូងរបស់សហព័ន្ធកីឡាទូកក្តោង មានសារសំខាន់ដោយសារថា ជាព្រឹត្តការណ៍ចុងក្រោយក្នុងការដុសខាត់សមត្ថភាពមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលចៅក្រម ដើម្បីធានាបានថា ជាម្ចាស់ការរៀបចំព្រឹត្តការណ៍ប្រកួតដោយខ្លួនឯងប្រកបដោយភាពជឿជាក់ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ នេះការបញ្ជាក់របស់លោក លោក សោម សុទ្ធរិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយ ក្រុមព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ដែលរៀបចំនៅខេត្តព្រះសីហនុ។

លោក សោម សុទ្ធរិទ្ធីពង្ស បានបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍ថ្នាក់ជាតិនេះ គឺដំណើរការទៅជោគជ័យ និងរលួន ដោយបង្ហាញពីការរីកចំរើនរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ពីព្រោះធ្លាប់បានរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិ គឺការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយទទួលបានការកោតសរសើរពីសំណាក់កីឡាករ និងគណកម្មាធិការអន្តរជាតិ ពីរៀបចំទាំងបច្ចេកទេស និងរៀបចំទីលានប្រកួតជាដើម។ ធ្វើអោយសហព័ន្ធមានក្តីរំពឹងខ្ពស់ និងជាទន់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អគ្គលេខាធិការ បន្តថា សម្រាប់ព្រឹត្តការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀតនាពេលខាងមុខ គឺសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញាកណ្តាល។ ជាមួយគ្នានេះសហព័ន្ធក៏មានអាជ្ញាកណ្តាលអន្តរជាតិ ដែលធ្លាប់បណ្តុះបណ្តាលនៅប្រទេសសិង្ហបូរី ប្រទេសថៃ អាចចូលរួមកាត់សេចក្តីទៅលើព្រឹត្តការណ៍ប្រកួតអន្តរជាតិ ដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេលខាងមុខនេះ។ លោក សោម សុទ្ធរិទ្ធីពង្ស បានបន្ថែម។

លោក អះអាងទៀតថា ចំពោះកីឡាករ កីឡាការិនីមកពី៥រាជធានីខេត្ត និងក្រសួង សិទ្ធផល និងបច្ចេកទេសមានការរីកចំរើនខ្លាំងអាចប្រជែងជាមួយគ្នាបាន មិនចាញ់អត្តពលិកជម្រើសរើសជាតិនោះទេ។

គួរបញ្ជាក់ថា ជាលទ្ធផល ក្រសួងមហាផ្ទៃ ឈរលេខ១ដណ្តើមបានមេដាយច្រើនជាងគេ មាស៣គ្រឿង លេខ២ ខេត្តកែប មាស១ ប្រាក់១ និងសំរិទ្ធមួយគ្រឿង និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ឈរលេខ៣ ដណ្តើមបានមេដាយប្រាក់មួយ និងសំរិទ្ធមួយគ្រឿងដូចគ្នា។

សូមបញ្ជក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានដាក់មន្រ្តីបច្ចេកទេស២៥រូប និងចៅក្រម៣រូប ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីគ្រូអន្តរជាតិ។ រីឯព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធត្រៀមមន្រ្តីបច្ចេកទេស៤៥រូប និងចៅក្រមអន្តរជាតិ៥រូប ក្នុងនោះមានកម្ពុជាមួយរូបផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner