មន្រ្តីបរិស្ថាន៖ បច្ចុប្បន្នបញ្ហាសំរាម ពិសេសប្លាស្ទិក បានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងបរិស្ថានបានលើកឡើងថា បច្ចុប្បន្នបញ្ហាសំរាម ជាពិសេសប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀតក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ដែលដំណោះស្រាយនៃបញ្ហានេះ អាចសម្រេចទៅបានអាស្រ័យលើការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដូចនេះនាទិវាអនាម័យបរិស្ថានជាតិ ដែលធ្វើឡើងនាខេត្តកែបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្រ្តី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធប្រមាណ ២០០ នាក់ ក្នុងនោះក៏មានការដាំដើមកោងកាងចំនួន៣ ០០០ ដើមផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ៖ «បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាសកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ ហើយដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបានអាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ ។តួយ៉ាងការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់»។

យោងតាមក្រសួងបរិស្ថាននៅប្រទេសកម្ពុជា មានសំរាមជាង ១០ ០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាងបួនលានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។
តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើនដូចជា ការគាំទ្រ និងជម្រុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្រ្ជៀបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយជាដើម។

អ្នកនាំពាក្យរូបនេះបានប្រាប់ថា ៖ «ជាពិសេស ការចូលរួមក្នុងដំណើរការរៀបចំជាគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឹះផ្សេងៗ ជាក់ស្ដែង វិធានការគោលនយោបាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យអនុវត្តកាលពីពេលថ្មីៗនេះ»។

បើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ត្រា ខេត្តកែប គឺស្ថិតក្នុងចំណោមរាជធានី-ខេត្តចំនួនប្រាំមួយដែលគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា បានធ្វើការអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន។ ក្នុងមូលដ្ឋានខេត្តកែបនេះ គម្រោងបានផ្ដល់ជូននូវធុងទឹកចម្រោះដល់សាលារៀនចំនួនប្រាំ, ធុងទឹកក្ដៅទឹកត្រជាក់, ធុងសំរាម និងផ្ទាំងអប់រំប្លាស្ទិកជាដើម។

ដោយឡែក នាថ្ងៃទី២៨ ដដែលនោះ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងារគ្រប់គ្រង និងប្រតិបត្តិការទីលានទុកដាក់សំរាម ផងដែរ ដោយពិភាក្សាលើយន្តការនៃការគ្រប់គ្រងនិងការអនុវត្តគម្រោងទីលានទុកដាក់សំរាម និងសំណល់រឹងរបស់រាជធានី-ខេត្តចំនួនប្រាំមួយ និងទិសដៅសកម្មភាពសំខាន់ៗទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានពិភាក្សាពីវគ្គបំពាក់បំប៉នការប្រើប្រាស់គ្រឿងចក្រដល់មន្ត្រីពាក់ព័ន្ធសំដៅគ្រប់គ្រងទីលានទុកដាក់សំរាមឱ្យបានល្អ ការរៀបចំប្រព័ន្ធទិន្នន័យប្រមូល ថ្លៃសេវា និងពិធីប្រគល់-ទទួលការគ្រប់គ្រងទីលានទុកដាក់សំរាម។
ឯកឧត្តម រស់ វណ្ណា បានលើកឡើងថា ក្រសួងបាន និងកំពុងត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសដល់ក្រុមការងារក្រសួង ក៏ដូចជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងឱ្យមកសិក្សាដើម្បីធានានិរន្តភាពនៃការគ្រប់គ្រងទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេសប្រើប្រាស់ឱ្យបានយូរអង្វែង។

ឯកឧត្តមក៏បានបញ្ជាក់ដែរថា អង្គប្រជុំបានឯកភាពលើការផ្ទេរសិទ្ធិគ្រប់គ្រងទីលានទុកដាក់សំរាម និងសំណល់រឹងដល់រាជធានីខេត្តទាំង៦ និងកំណត់ពេលវេលាជាក់លាក់មួយ ដើម្បីរៀបចំពិធីប្រគល់-ទទួលទីលានទុកដាក់សំរាម និងសំណល់រឹង ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូនផងដែរ៕
ដោយ៖នាង សុគន្ធា

ads banner