វៀតណាមរំពឹងថា នឹងស្វាគមន៍ពលរដ្ឋទី ១០០លាននាក់ នៅឆ្នាំក្រោយ
ហាណូយ៖ វៀតណាមមានពលរដ្ឋប្រហែល ៩៩លាននាក់ ឥឡូវនេះ ហើយត្រៀមស្វាគមន៍ពលរដ្ឋទី ១០០ លាននាក់ នៅឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងសុខាភិបាលវៀតណាម ។
លោកវេជ្ជបណ្ឌិត Pham Vu Hoang អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការប្រជាជន និងផែនការគ្រួសាររបស់ក្រសួងសុខាភិបាលបាននិយាយ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃចន្ទទី២៨ វិច្ឆិកាថា ពលរដ្ឋទី១០០ លាននាក់ទំនងជានឹងកើត នៅប្រហែលខែមេសាឆ្នាំក្រោយ។ យោងតាមអគ្គនាយកដ្ឋានផែនការប្រជាជន ទារកប្រហែលមួយលាននាក់កើតនៅប្រទេសវៀតណាម ជារៀងរាល់ឆ្នាំ ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានប្រជាជនច្រើនជាងគេ លំដាប់ទី ១៥ នៅលើពិភពលោក ដែលមានប្រជាជនច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបី នៅអាស៊ីអាគ្នេយ៍។ មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានរាយការណ៍ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៨ ពាន់លាននាក់ហើយ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Pham Vu Hoang បាននិយាយថា «ទំហំប្រជាជនដ៏ធំនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសផងដែរ។» លោកបានបន្ថែមថា ក្នុងចំណោមបញ្ហាប្រឈមធំៗគឺការរៀបចំផែនការគ្រួសារ និងការថែទាំសុខភាពសម្រាប់ក្មេងជំទង់ និងយុវជន ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

