នាយករដ្ឋមន្ត្រីជប៉ុនគ្រោងចំណាយលើវិស័យការពារជាតិកើនឡើងទ្វេដង ដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងតំបន់
ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ុមិអុ គីស៊ីដា (Fumio Kishida) បានធ្វើការណែនាំទៅកាន់រដ្ឋមន្ត្រីឱ្យបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង រហូតដល់ទៅ ២% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីធ្វើការទប់ទល់នឹងឥទ្ធិពលរបស់មហាអំណាចចិនក្នុងតំបន់។ ក្នុងខ្សែភ្នែករបស់ជប៉ុន ចិនគឺជាប្រទេសដែលមានការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់។
គួរដឹងផងដែរថា ការចំណាយរបស់ជប៉ុនលើវិស័យការពារជាតិកន្លងមក ត្រូវបានកំណត់ប្រមាណត្រឹមតែ ១ភាគរយ នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ ឬតិចជាងនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កាលពីខែសីហា ក្រសួងការពារជាតិបានដាក់សំណើសុំថវិកាចំនួន ៤០ ប៊ីលានដុល្លារអាមេរិក។ ប៉ុន្តែសំណើនេះនឹងមិនត្រូវបានសម្រេចនៅឡើយទេ គឺត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលបញ្ចប់ការធ្វើបច្ចុប្បន្នភាពចំពោះគោលនយោបាយការពារជាតិមួយចំនួនជាមុនសិន។
នៅក្នុងខែនេះក្រុមអ្នកជំនាញបានផ្ដល់ជាអនុសាសន៍ដល់លោក គីស៊ីដា ឱ្យប្រើប្រាស់វិធានការពង្រីកការយកពន្ធឱ្យបានទូលំទូលាយជាងមុនដែលមានន័យថា ស្ទើតែគ្រប់ទំនិញទាំងអស់ត្រូវតែចាប់ផ្ដើមគិតពន្ធ បើទោះបីជាពីមុនមិនធ្លាប់មានវិធានការបែបនេះក៏ដោយ។
វិធានការនេះ ដើម្បីអាចឈានឆ្ពោះទៅរកគោលដៅបង្កើនការចំណាយលើវិស័យការពារជាតិ ហើយក៏អាចការពារពីការកើនឡើងបំណុលរបស់ពលរដ្ឋជប៉ុន។ ទន្ទឹមនឹងនេះ វាក៏អាចបង្ហាញសម្ព័ន្ធមិត្តអាមេរិកចំពោះការផ្លាស់ប្តូរទីផ្សារអន្តរជាតិផងដែរ។
បន្ទាប់ពីជំនួបប្រជុំជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yasukazu Hamada បានប្រាប់អ្នកសារព័ត៌មានថា ៖ «តាមរយៈការសង្កេតមើលស្ថានភាពសន្តិសុខបច្ចុប្បន្ន យើងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិជាបន្ទាន់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ …លោកនាយករដ្ឋមន្ត្រីបានប្រាប់ពួកយើងឱ្យខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការត្រៀមទុកនូវកញ្ចប់ថវិកាឱ្យបានឆាប់រហ័ស និងម៉តចត់បំផុត»។
ដើម្បីអាចឈានទៅដល់ទំហំនៃផែនការការពារជាតិពាក់កណ្តាលអាណត្តិរបស់ប្រទេសជប៉ុន ដែលនឹងត្រូវគ្រោងបន្ថែមនៅចុងឆ្នាំ រដ្ឋាភិបាលនឹងសម្រេចត្រៀមកញ្ចប់ថវិកាតាមរយៈការស្វែងរកចំណូលបន្ថែមទៀត និងកំណែទម្រង់ផែនការចំណាយថវិកាជាតិរបស់ជប៉ុន។
លោក Hamada បានលើកឡើងពីសម្តីរបស់លោក គីស៊ីដា ថា ៖ «ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវ យើងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងកំណែទម្រង់ការចំណាយថវិកា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រភពចំណូលថវិកាដែលមានស្ថិរភាពគឺពិតជាចាំបាច់ ដើម្បីអាចគាំទ្រដល់ការចំណាយប្រកបដោយភាពស្ថិតស្ថេរ»៕
ដោយ៖ធា សុខណា
ប្រភព https://www.channelnewsasia.com/asia/japan-pm-defence-spending-double-2-gdp-counter-china-3106246