ទីផ្សារទំនិញសកល ធ្លាក់ចុះក្រោយការតវ៉ាផ្ទុះឡើងនៅចិនជុំវិញវិធានការរឹតត្បិតកូវីដ

ចិន៖ ទីផ្សារទំនិញសកល បានរងការវាយប្រហារនៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយសារក្រុមវិនិយោគិន កើតចិត្តបារម្ភអំពីការផ្ទុះបាតុកម្មដ៏កម្រនៅក្នុងប្រទេសចិន ប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ តម្លៃប្រេង និងគ្រាប់ធញ្ញជាតិ បានធ្លាក់ចុះយ៉ាងខ្លាំង តែតម្លៃមាសវិញកើនឡើង។

ចលនាបាតុកម្មដ៏កម្រនៅប៉េកាំងនិងនៅតាមទីក្រុងធំៗជាច្រើនប្រឆាំងនឹងគោលនយោបាយហ្សេរ៉ូកូវីដ បានទៅបន្ថែមក្តីព្រួយបារម្ភរបស់អ្នកវិនិយោគ ពីលើវិធានការតឹងរ៉ឹងរាប់ខែដើម្បីទប់ស្កាត់ការរីករាលដាលកូវីដរបស់ប្រទេសចិន ស្របពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង។

តម្លៃប្រេងឆៅ បានធ្លាក់ចុះ ២,៩ភាគរយ ពោលគឺធ្លាក់ដល់ ៨១,២៥ ដុល្លារក្នុងមួយធុងបារ៉ែល។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយវិនិយោគិន មានការព្រួយបារម្ភថាការកើនឡើងករណីឆ្លងកូវីដ និងការតវ៉ានៅក្នុងប្រទេសចិន អាចកាត់បន្ថយតម្រូវការពីអ្នកប្រើប្រាស់។ គេមានការបារម្ភដែរថា បញ្ហាដែលកំពុង កើតឡើងនៅចិននេះ អាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងរុញច្រានឱ្យមានអតិផរណាបន្ថែមទៀត។

តម្លៃមាស បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺឡើងដល់ ១៧៦១ ដុល្លារ ក្នុងមួយអោន ស្របពេលដែលលុយដុល្លារធ្លាក់ចុះ។ មុននេះ តម្លៃមាសក្នុងទីផ្សារមានចំនួន ១ ៧៥៨ ដុល្លារ ក្នុងមួយអោន។

ភាគហ៊ុនក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ (CBOT) ដែលជាស្ថាប័នជួយកសិករ និងអ្នកប្រើប្រាស់ទំនិញគ្រប់គ្រងហានិភ័យ បានធ្លាក់ចុះ ៧,៨២ ដុល្លារ កាលពីថ្ងៃចន្ទ ដែលជាកម្រិតទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី ២២ ខែសីហាមក។

លោក គ្រេក អៀឡាម (Craig Erlam) អ្នកវិភាគទីផ្សារជាន់ខ្ពស់មួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វិធានការរឹតត្បិតកូវីដដ៏យូរនៅក្នុងប្រទេសចិន កាន់តែមានការរឹតបន្តឹងយ៉ាងខ្លាំង។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ការដែលមានលេចរូបភាពចលាចល គឺជាការបង្កើតភាពមិនប្រាកដប្រជាដ៏ធំធេង»។
«គេនឹងរងចាំមើលថាតើថ្នាក់ដឹកនាំស្តាប់ និងគិតគូរបន្ធូរបន្ថយគោលនយោបាយហ្សេរ៉ូកូវីដរបស់ខ្លួន ឬក៏ព្យាយាមបង្កើនគោលនយោបាយនេះទ្វេដង ហើយទទួលរងនូវផលវិបាកផ្នែកសេដ្ឋកិច្ច»។

គួរជ្រាបថា ប្រទេសចិន បានជាប់គាំងជាមួយនឹងគោលនយោបាយហ្សេរ៉ូកូវីដ របស់លោកប្រធានាធិបតីស៊ី ជីនពីង បើទោះបីជាប្រទេសជាច្រើនឯទៀតក្នុងពិភពលោក បានលុបចោលវិធានការរឹតបន្តឹងកូវីដភាគច្រើនហើយក៏ដោយចុះ។

បាតុករ និងប៉ូលិសរាប់រយនាក់បានប៉ះទង្គិចគ្នានៅទីក្រុងសៀងហៃកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលការតវ៉ាជុំវិញការរឹតបន្តឹងបានផ្ទុះឡើងរយៈពេលបីថ្ងៃ ហើយនិងបានរីករាលដាលដល់ទីក្រុងធំៗជាច្រើន។ កាលពីថ្ងៃចន្ទ ប៉ូលិសបានបង្ក្រាបបាតុករយ៉ាងហិង្សា និងតាមស្វែងរកចាប់ខ្លួនអ្នកដែលបានចូលរួមក្នុងចលនាតវ៉ាកាលពីចុងសប្តាហ៍នៅទីក្រុងសៀងហៃ និងប៉េកាំង។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងរង់ចាំមើលពីជំហានបន្ទាប់របស់ទីក្រុងប៉េកាំង។ មានហានិភ័យនៃអស្ថិរភាពសង្គម នៅពេលដែលក្រុមឈ្មួញធំៗ កំពុងរង់ចាំតាមដានប្រតិកម្មរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Rare China protests roil global commodities markets
Global markets fall after protests erupt in China over Covid lockdowns

ads banner