គម្រោងស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ត្រៀមបើកការដ្ឋានសាងសង់នៅពេលខាងមុខ ​

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សាគ្នាដើម្បី​ត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់ពី​រដ្ឋាភិបាលចិនបានសម្រេចផ្តល់ឥណទានក្នុង​ការសាងសង់ស្ពាននេះ ប៉ុន្តែ​សម្រាប់ពេលវេលាជាក់លាក់ ​ក្រសួងមិនទាន់កំណត់​នៅឡើយទេ។ ​

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ ​

​ឯកឧត្តម វ៉ា ស៊ីមសូរិយា  អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីរៀបចំផែនការជាក់លាក់សម្រាប់ត្រៀមបើកដំណើការសាងសង់នៅពេលខាងមុខតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ ពេលវេលាជាក់នៅមិនទាន់ដឹងច្បាស់ទេ ដោយរងចាំការសម្រេចពីលោក ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក​បានប្រាប់ថា ៖ «យ៉ាងណា ក៏នឹង​មិនយូរទៀតដែរ ហើយនៅក្រោយពេល គម្រោងស្ពាននេះសាងសង់ចប់ និងជួយសម្រួ​លដល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ទៅកាន់ទីផ្សារគោលដៅ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។ ​

បើតាមក្រសួងសាធារណការ និង​ដឹកជញ្ជូន កិច្ចប្រជុំដែល​បានធ្វើឡើងនេះ ​ក្នុងគោលបំណងដើម្បី​ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព។

គោលបំណងចម្បងមួយទៀតគឺ​​ការធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ និងបំណែងចែកក្រុមការងារបណ្តោះអាសន្នស​ម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកកា​រដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។​​

សូមរំឮកដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិនកាលពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកាមកកាន់កម្ពុជានាពេលកន្លងទៅនេះ​ ភាគីទាំងពីរ គឺ​ចិននិងកម្ពុជា បាន​ឯកភាព​គ្នា ចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះនិងផ្លូវតភ្ជាប់នេះនិងមាន​ការចុះ​កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម)ផងដែរ។​

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុក​ចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ ដែល​នឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

ដោយ៖យុទ្ធ វីរះ

ads banner