គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ហាមមិនឲ្យដាក់តាំងលក់សម្ភារលើចិញ្ចើមផ្លូវ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ហាមដាច់ខាតមិនឲ្យមានការដាក់តាំងលក់សម្ភារ (ផ្កា ឬកូនឈើ) និងលក់គ្រឿងរថយន្តចាស់ៗលើចិញ្ចើមផ្លូវសាធារណៈដាច់ខាត ផ្ដោតសំខាន់ចំពោះទីតាំងផ្សារងិនអាន និងផ្សារជ័យជម្នះ ដែលតែងតែបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ស្ថិតនៅព្រំប្រទល់សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។
ការហាមប្រាមដាច់ខាតនេះ បានធ្វើឡើងក្នុងពេលដែលលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ ដើម្បីបន្តចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីចំណុចរង្វង់មូលខាំខូស៊ីធី រហូតដល់កំណាត់ផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ការដឹកនាំចុះរៀបចំសណ្ដាប់ធ្នាប់ពីសំណាក់លោកអភិបាលរងខណ្ឌនេះដែរ បានអនុវត្តន៍យោងលើស្មារតីអង្គប្រជុំ របស់គណៈបញ្ជាការឯភាពខណ្ឌ កាលពីថ្ងៃទី០៤ ខែកញ្ញា ដឹកនាំដោយលោក ជា ពិសី និងមានការចូលរួមពីលោក-លោកស្រីគណៈអភិបាលរង លោកអធិការ លោកមេបញ្ជាការរង គណៈនាយក ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ មន្រ្តីនគរបាល យោធភូមិភាគពិសេស លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌផងដែរ។
ក្នុងចំណាត់ការចុះរៀបចំសណ្ដាប់ធ្នាប់ ក្រោមការបញ្ជារបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលដឹកនាំផ្ទាល់ដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌនេះដែរ ក្រៅពីហាមប្រាមដាច់ខាតមិនឲ្យមានការដាក់តាំងលក់សម្ភារ (ផ្កា ឬកូនឈើ) និងលក់គ្រឿងរថយន្តចាស់ៗលើចិញ្ចើមផ្លូវសាធារណៈ គឺផ្តោតសំខាន់ទៅលើទីតាំងបរិវេណផ្សារងិនអាន និងផ្សារជ័យជម្នះ ដែលសង្កេតឃើញថាទីតាំងនេះ តែងតែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ