​​អាមេរិកសម្ដែង​ការ​​គាំទ្រចំពោះ​​ក្រុម​បាតុករ​​​ប្រឆាំង​​នឹង​ការ​បិទ​ខ្ទប់​ដោយ​សន្តិវិធី​​នៅ​​ចិន​

អាមេរិក៖សេត​វិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២៨​ ខែ​វិច្ឆិកា​​ ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​​ប្រទេស​ចិន​ ប៉ុន្តែ​​មិន​បាន​រិះ​គន់​ទីក្រុង​ប៉េកាំង​នោះ​ទេ​ ខណៈ​ដែល​ប្រជាជន​ចិនបាន​​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​​បាតុកម្ម​​ប្រឆាំង​នឹង​វិធាន​ការ​​រឹត​ត្បឹត​​ក្រោម​គោល​នយោបាយ​សូន្យ​កូវីដ ហើយ​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​អាជ្ញាធរ​ នៅ​​តាម​បណ្ដា​ក្រុង​ធំ​ៗ​​ចំនួន​ ១៥ ​ទូទាំង​ប្រទេស​ចិន​​។ ​

​​​សេចក្ដី​ថ្លែង​ការណ៍​​របស់​សេតវិមានចេញ​ផ្សាយ​ទន្ទឹម​នឹង​ការ​រឹត​បន្តឹង​សន្តិសុខ​​​របស់​​​ប៉ូលិស​​ចិន​​​​​​នៅ​កន្លែង​​តវ៉ា​រួម​ទាំង​​ក្នុង​​ទីក្រុង​សៀងហៃ ​និង​​ប៉េកាំង​ បន្ទាប់​ពី​ក្រុម​មនុស្ស​នៅ​ទីនោះ​ និង​ក្នុង​ទីក្រុង​ផ្សេង​ទៀត​ ​រួម​ទាំង​​នៅ​តាម​បរិវេណ​សាកល​វិទ្យាល័យ​រាប់​សិប​ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​​ក្នុង​បាតុក​ម្ម​ ទាំង​ស្រែក​ឱ្យ​លោក​ ស៊ី​ ជិនពីង​ ដែល​​​​ទើប​ចាប់​ផ្ដើម​បន្ត​អាណត្តិ​ទី​៣​ ចុះ​ចេញ​ពី​ដំណែង​។ ​

​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​របស់​សេតវិមាន​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ ៖ «​​​យើង​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា​ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំង​​​​​​នៅ​សហរដ្ឋ​អាមេរិក​ និង​នៅ​ជុំ​វិញ​ពិភព​លោក​។​ នេះ​​រួម​បញ្ចូល​ទាំង​នៅ​​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​»​។

ក្រុម​ប្រឹក្សា​បន្ត​ថា​ ​សហរដ្ឋ​អាមេរិក​​​ផ្តោត​លើ​​ដំណើរ​ការ​​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ដោយ​រួម​ទាំង​ការ​បង្កើន​អត្រា​នៃ​ការ​ចាក់​វ៉ាក់​សាំង​ ហើយ​លើក​ឡើង​​ថា ​៖ «​​​យើង​គិត​ថា​ វា​នឹង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​អាច​ទប់​ស្កាត់​មេរោគ​នេះ​​បាន​តាម​រយៈ​​គោលនយោបាយ​សូន្យ​កូវីដ​របស់​ខ្លួន​»។ ​

​កាល​ពី​ពាក់​កណ្ដាល​​ខែ​នេះ ​​​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​  ​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​​លោក​​ ស៊ី​ ​នៅ​កោះ​បាលី ​ហើយ​ការ​ឆ្លើយ​តប​ទាំង​ប្រយ័ត្ន​ពាក្យ​សម្ដី​​របស់​សេតវិមាន​នា​ពេល​នេះ​ ​ហាក់​ដូច​ជា​បង្ហាញ​ពី​បំណង​ចង់​ដើរ​លើ​ផ្លូវ​ប្រុង​ប្រ​យ័ត្ន ​និង​ជៀស​វាង​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​រវាង​ប្រទេស​ទាំង​២​​កាន់​តែ​ក្តៅ​គគុក​​។

នៅ​ពេល​សួរ​​អំ​ពី​ប្រតិកម្ម​របស់​លោក​ បៃដិន ចំពោះ​ការ​ទាម​ទារ​ឱ្យ​លោក​ ស៊ី​ ចុះ​ចេញ​ពី​ដំណែង​ពី​សំណាក់​ប្រជាជន​ចិន​ លោក​ ​​អ្នក​នាំ​ពាក្យ​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក​ ចន ឃឺរប៊ី​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ​៖ «​ប្រធានាធិបតី​នឹង​មិន​និយាយ​ដើម្បី​​​បាតុករ​នៅ​​ជុំ​វិញ​ពិភព​លោក​នោះ​​ទេ​។​ ​ពួក​គេ​​កំពុង​​និយាយទាម​ទារ​ដើម្បី​​​​ខ្លួន​ឯង​»​។

ការ​លើក​ឡើង​បែប​នេះ​ ផ្ទុយ​ទៅ​នឹង​អ្វី​ ដែល​លោក​ ឃឺរប៊ី​ ធ្លាប់​បាន​​លើក​ឡើង​នៅ​ដើម​ខែ​នេះ​ថា​ លោក​ បៃដិន​ ​កំពុង​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ក្រុម​បាតុករ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដោយ​និយាយ​ថា​ ៖ «​យើង​នឹង​ដោះ​លែង​អ៊ីរ៉ង់​ឱ្យ​មាន​សេរី​» ស្រប​ពេល​ដែល​​អ៊ីរ៉ង់​បាន​​ចោទ​​​អាមេរិក​ និង​លោកខាង​លិច​ថា​ ញ៉ាំ​ញង់​ឱ្យ​ប្រទេស​របស់ខ្លួន​ចុះ​ខ្សោយ​​។

​ លោក​ ឃឺរប៊ី​ បាន​​អះ​អាង​ថា​​ លោក​ បៃដិន​ ​កំពុង​តាម​ដាន​​​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ និង​​រក្សា​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​តវ៉ា​​។​ លោ​ក​បាន​និយាយ​ថា​ រដ្ឋបាល​​អាមេរិក​កំពុង​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ចំពោះ​បាតុកម្ម​នេះ​ ហើយ​ថា​ ​ចិន​មិន​បាន​ស្នើ​សុំវ៉ាក់សាំង​ពី​​សហរដ្ឋ​អាមេរិក​នោះ​ទេ​។ ​​

សូម​​បញ្ជាក់​ថា​ រាប់​តាំង​ពី​ជំងឺ​កូវីដ​ផ្ទុះ​បែក​មក​ ទី​ក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន​ បាន​គ្រប់​គ្រង​ស្ថានការណ៍​តាម​របៀប​រៀងៗ​​ខ្លួន​។ ​ខណៈ​ចំនួន​អ្នក​ឆ្លង​ និង​ស្លាប់​ នៅ​អាមេរិក ​និង​ប្រទេស​ផ្សេង​ទៀត​ ​ហក់​ឡើង​កប់​ពពក​ គោលនយោបាយ​សូន្យ​កូវីដ​របស់​ចិន​ បាន​ធ្វើ​​​ការ​ឆ្លង​រាល​ដាល​​ក្នុង​ប្រទេស​​របស់​ខ្លួន​មាន​លក្ខណៈ​ស្ងប់​ស្ងាត់​។

 ក្រោយ​រយៈ​ពេល​បី​ឆ្នាំ​ ចិន​នៅ​តែ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​នេះ​ ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មីនៅ​ទូទាំង​ប្រទេស​​កើន​ឡើង​ដល់​រាប់​ម៉ឺន​នាក់​ជា​ប្រចាំ​ថ្ងៃ​។ មូល​ហេតុ​នេះ​ហើយ​ ទើប​បង្ក​ឱ្យ​មាន​ការ​បិទ​ខ្ទប់​យ៉ាង​​តឹង​រ៉ឹង​ និង​ការ​ធ្វើ​តេស្ត​រក​កូវីដ​​លើ​មនុស្ស​រាប់​លាន​នាក់​ ដែល​បង្ក​ឱ្យ​​ការ​រំខាន​ដល់​សេដ្ឋកិច្ច​ទ្រង់​ទ្រាយ​ធំ​។ ​

ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ដ៏​កម្រ​ក្នុង​ប្រទេស​កុម្មុយនីស្ត​នេះ​ បាន​​ផ្ទុះ​ឡើង​ចាប់​តាំង​​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បន្ទាប់​​ពី​ភ្លើង​ឆេះ​អាផាត​មិន​មួយ​នៅ​តំបន់​ស៊ីនជាំង​ ដែល​សម្លាប់​មនុស្ស​​យ៉ាង​ហោច​​ណាស់​ ១០ នាក់។ ​ក្រុម​អ្នក​ប្រឆាំង​បាន​បញ្ចេញ​កំហឹង​ថា​ ដោយ​សារ​តែ​គោល​នយោបាយ​សូន្យ​កូវីដ​ ទើប​ធ្វើ​ឱ្យ​​ដំណើរ​ការ​ជួយ​សង្រ្គោះ​របស់​​អ្នក​ពន្លត់​អគ្គិភ័យ​មាន​ភាព​យឺត​យ៉ាវ​ ហើយ​​បង្ក​ការ​លំបាក​ដល់​ការ​រត់​ភៀស​ចេញ​ពី​ភ្លើង​របស់​ជន​រង​គ្រោះ​។ ការ​ចោទ​ប្រកាន់​នេះ​ ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​។

ចំពោះ​ការ​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រុម​បាតុករយ៉ាង​ប្រយ័ត្ន​ប្រយែង​​របស់​អាមេរិក​នា​​ពេល​​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​នា​មួយ​ពី​ប្រទេស​ចិន​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​មិញ​ ​ជំហរ​របស់​អាមេរិក​លើក​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​អាមេរិក​ និង​ចិន​ ប្រឈម​មុខ​នឹង​​បញ្ហា​​ភូមិ​សាស្រ្ត​​នយោបាយ​ដ៏​តាន​តឹង​រួច​មក​ហើយ​ បន្ថែម​ពី​លើ​បញ្ហា​​​ពាណិជ្ជកម្ម​ និង​សិទ្ធិមនុស្ស​ដែល​មាន​ស្រាប់​​។

កន្លងម​ក​ អាមេរិក​បាន​រិះ​គន់​ធ្ងន់​ៗ​ចំពោះ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ចិន​​រួម​ទាំង​នៅ​តំបន់​ទី​បេ​ និង​ស៊ីនជាំង​ ក៏​ប៉ុន្តែ​ចិន​​វាយ​បក​វិញ​ថា​ បញ្ហា​ទាំ​​ង​អស់​នេះ​គឺ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុងខ្លួន​ ហើយ​អាមេរិក​ ឬ​ប្រទេស​លោកខាង​លិច​គ្មាន​សិទ្ធិ​​​ត្រូវ​លូក​ដៃ​ចូល​នោះ​ទេ៕ ដោយ៖ហួនឌីណា
ប្រភព៖ US backs right to peaceful protests in China

ads banner