សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្ដីអំពាវនាវ ឱ្យចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីអំពាវនាវមួយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសូមឱ្យចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ។ ក្នុងសេចក្តីអំពាវនាវនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថា របស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងគួរឱ្យអៀនខ្មាសពន់ពេក។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា អង្គព្រះមហាក្សត្រ គឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិនិងប្រជាជន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមជៀសវាងឱ្យបាននូវការផ្សាយបែបប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមជាតិ ដែលជាការខាតបង់ធំធេង និងសូមលើកទឹកចិត្តដល់ទាំងអស់គ្នា បន្តបំពេញតួនាទីរួមចំណែកផ្សព្វផ្សាយឱ្យសង្គមបានយល់ដឹងប្រកបដោយការពិចារណាមានហេតុនិងផលសម្រាប់ជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ សូមសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្តចូលរួមបង្កបរិយាកាសឱ្យសង្គមកម្ពុជា មានការឯកភាពគ្នាខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំដើម្បីកម្ពុជារួមគ្នាចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner