ជនចំណាកស្រុកខុសច្បាប់ជាង ២០,០០០នាក់ត្រូវបានជួយសង្គ្រោះពីឆ្នេរសមុទ្រលីប៊ី ចាប់តាំងពីដើមឆ្នាំ ២០២២
ទ្រីប៉ូលី៖ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការធ្វើចំណាកស្រុក (IOM) ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជនអន្តោប្រវេសន៍សរុបចំនួន ២០,៨៤២នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញនៅឆ្នាំ២០២២។
អង្គការ IOM បានឱ្យដឹងថា ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះ ក្នុងនោះមានបុរស ១៩,០៧៥នាក់ ស្ត្រី ១,០៨៩នាក់ និងកុមារ ៦៧៨នាក់។ ចំណែកជនចំណាកស្រុក ៥១៤នាក់បានស្លាប់ និង ៨៦៥នាក់ផ្សេងទៀតបានបាត់ខ្លួនពីឆ្នេរសមុទ្រលីប៊ី។ ក្នុងឆ្នាំ ២០២១ ជនចំណាកស្រុកខុសច្បាប់សរុបចំនួន ៣២,៤២៥នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ។
ប្រទេសលីប៊ីបានទទួលរងនូវបញ្ហាអសន្តិសុខ និងភាពចលាចលចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ ម៊ូអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ ២០១១ ដែលធ្វើឱ្យប្រទេសអាហ្រ្វិកខាងជើងមួយនេះ ក្លាយជាចំណុចសំខាន់នៃការចាកចេញ សម្រាប់ជនចំណាកស្រុកខុសច្បាប់ ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅកាន់ទឹកដីអឺរ៉ុប ។
គួរបញ្ជាក់ថា ជនអន្តោរប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះ បានបញ្ជូនត្រឡប់ទៅកាន់មជ្ឈមណ្ឌលទទួលភ្ញៀវដ៏ចង្អៀតនៅទូទាំងប្រទេសលីប៊ី បើទោះបីជាមានការអំពាវនាវជាអន្តរជាតិម្តងហើយម្តងទៀត ឱ្យបិទមជ្ឈមណ្ឌលទាំងនោះក៏ដោយ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា





