កូរ៉េខាងត្បូងបញ្ជាឲ្យអ្នកដឹកជញ្ជូនក្នុងឧស្សាហកម្មស៊ីម៉ងត៍ ត្រឡប់ទៅធ្វើការវិញ
សេអ៊ូល៖ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា បានបញ្ជាឱ្យក្រុមហ៊ុនដឹកទំនិញដែលធ្វើកូដកម្ម នៅក្នុងឧស្សាហកម្មស៊ីម៉ងត៍ ត្រឡប់ទៅធ្វើការវិញ ដែលជាជំហានដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹង ប្រឆាំងនឹងការធ្វើកូដកម្ម ខណៈដែលការដ្ឋានសំណង់ទូទាំងប្រទេស អស់សម្ភារសំណង់។
កូដកម្មដែលជាលើកទីពីរ ក្នុងរយៈពេលតិចជាងប្រាំមួយខែដោយអ្នកដឹកទំនិញ លើប្រាក់ឈ្នួលអប្បបរមា នៅកូរ៉េខាងត្បូង កំពុងបណ្តាលឱ្យមានការខាតបង់ប្រហែល ៣០០ពាន់លានវ៉ុន (២២៤ លានដុល្លារអាមេរិក) ជារៀងរាល់ថ្ងៃ និងរំខានដល់សកម្មភាពឧស្សាហកម្ម នៅពេលដែលប្រទេសមានសេដ្ឋកិច្ចធំទី ៤ របស់អាស៊ីមួយនេះ បារម្ភថា នឹងមានការធ្លាក់ចុះនៃកំណើន ១.៧ ភាគរយនៅឆ្នាំក្រោយ។
ក្រុមសមាគមស៊ីម៉ងត៍កូរ៉េបាននិយាយថា ឧស្សាហកម្មស៊ីម៉ងត៍បានប៉ាន់ប្រមាណការបាត់បង់ទិន្នផលសរុបប្រហែល ៦៤ពាន់លានវ៉ុន (៤៧.៨១ លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃច័ន្ទ។
ក្រុមនេះបានបន្ថែមថា ឧស្សាហកម្មនេះបានដឹកជញ្ជូនស៊ីម៉ងត៍ ប្រហែល ២២០០០តោន កាលពីថ្ងៃចន្ទ តែបានប្រហែល ១០ភាគរយ នៃការនាំចេញប្រចាំថ្ងៃធម្មតា ដែលត្រូវការសម្រាប់រដូវកាលកំពូល ចន្លោះពីខែកញ្ញា ដល់ដើមខែធ្នូ ។
រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការពង្រីកប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា លើសពីបីឆ្នាំទៀតទេ ខណៈដែលសហជីពនិយាយថា វាគួរតែមានជាអចិន្ត្រៃយ៍ និងទូលំទូលាយជាងនេះ។ ក្រសួងដឹកជញ្ជូនបាននិយាយថា នៅពេលដែលកូដកម្មនៅតែបន្ត ចរាចរណ៍កុងតឺន័រនៅកំពង់ផែបានធ្លាក់ចុះដល់ ៣៣ភាគរយ នៃកម្រិតធម្មតា គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ។
សម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដែលចេញបទបញ្ជាបង្ខំឱ្យកម្មករដឹកជញ្ជូនដែលធ្វើកូដកម្មឱ្យត្រឡប់ទៅធ្វើការវិញ។ ការមិនគោរពតាមអាចនាំឱ្យមានការផ្តន្ទាទោសដូចជាការលុបចោលអាជ្ញាប័ណ្ណ និងការជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន (២២,៥៥០ ដុល្លារអាមេរិក) ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត


