រដ្ឋាភិបាលកូរ៉េខាងត្បូងចេញបញ្ជាបង្ខំកូដករជាអ្នកទំនិញក្នុងឧស្សាហកម្មស៊ីម៉ងត៍ឱ្យចូលធ្វើការវិញ

សេអ៊ូល៖រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឱ្យអ្នកដឹកទំនិញដែលធ្វើកូដកម្មនៅក្នុងឧស្សាហកម្មស៊ីម៉ងត៍ ឱ្យត្រឡប់ទៅធ្វើការវិញនៅថ្ងៃអង្គារ។ រដ្ឋាភិបាលព្រមានពីការប្រើប្រាស់ វិធានការទប់ស្កាត់កូដកម្មដ៏តឹងរ៉ឹង នៅពេលដែលការដ្ឋានសំណង់នៅទូទាំងប្រទេស កំពុងខ្វះស៊ីម៉ង់ត៍ បេតុង សម្រាប់សាងសង់។

កូដកម្មដែលទាមទារឱ្យតម្លើងប្រាក់ឈ្នួលអប្បបរមាកំពុងបណ្ដាលឱ្យមានការខាតបង់ប្រាក់ ប្រមាណ ៣០០ពាន់លានវ៉ុន(២២៤លានដុល្លារ)ជារៀងរាល់ថ្ងៃនិងរាំងស្ទះដល់សកម្មភាពឧស្សាហកម្មក្នុងប្រទេសទៀតផង។

ប្រធាននាធិបតីកូរ៉េខាងត្បូងលោក យ៉ូន ស៊ុក យូល(Yoon Suk-yeol) បានប្រាប់ថ្លែងពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«សូមត្រលប់ទៅធ្វើការរៀងៗខ្លួន ទាន់វាមិនយឺតពេល» ។ លោកបន្តថា រដ្ឋបាលរបស់លោកនឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់នឹងមិនសម្របសម្រួលជាមួយសកម្មភាពតវ៉ាខុសច្បាប់នោះទេ។

រដ្ឋាភិបាលកូរ៉េ បាននិយាយថា កូដកម្មឈានចូលដល់ថ្ងៃទីប្រាំមួយ នាំឱ្យការដ្ឋានសាងសង់ជាង ២៥០ ឬប្រហែលពាក់កណ្តាលនៃទីតាំងទាំងអស់ បានផ្អាក ដោយសារខ្វះបេតុង។

សមាគមស៊ីម៉ងត៍កូរ៉េបាននិយាយថា ឧស្សាហកម្មស៊ីម៉ងត៍អាចនឹង ខាតបង់ប្រាក់ប្រហែល៦៤ពាន់លានវ៉ុន (៤៧.៨១លានដុល្លារ) គិតត្រឹមថ្ងៃច័ន្ទ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយរ៉យទ័រ ប្រធានាធិបតីកូរ៉េ លោក យ៉ូន បាននិយាយថា ការឆ្លើយតបដ៏តឹងតែងរបស់រដ្ឋាភិបាលចំពោះកូដកម្មនៅឆ្នាំនេះគឺចាប់ផ្តើមបង្កើតនីតិរដ្ឋនៅក្នុងវិស័យឧស្សាហកម្ម។ លោកថា ចំណាត់ការនេះ នឹងជួយលុបបំបាត់ហានិភ័យនៃការអនុវត្តការងារមិនយុត្តិធម៌។

មេដឹកនាំកូរ៉េទំនងជាចង់ប្រើច្បាប់អាជ្ញាសឹកដើម្បើដោះស្រាយ។នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលរដ្ឋាភិបាលចេញបទបញ្ជាបង្ខំឱ្យកម្មករដឹកជញ្ជូនដែលធ្វើកូដកម្មឱ្យត្រឡប់ទៅធ្វើការវិញ។

រដ្ឋាភិបាលព្រមានថា ការមិនគោរពបញ្ជា អាចនាំឱ្យមានការផ្តន្ទាទោសដូចជាការលុបចោលអាជ្ញាប័ណ្ណ និងដាក់គុកជាប់រយៈពេលបីឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន (២២.៥៥០ ដុល្លារ)។

អ្នករៀបចំកូដកម្ម Cargo Truckers Solidarity Union (CTSU) បានហៅ បទ បញ្ជារបស់រដ្ឋាភិបាលថា ថាជាការរំលោភបំពាន «គ្មានប្រជាធិបតេយ្យ និងហឹង្សា។បទបញ្ជាឱ្យចាប់ផ្តើមការងារគឺស្មើនឹងច្បាប់អាជ្ញាសឹកសម្រាប់កម្មករដឹកទំនិញ។ ទេ វាជាការបញ្ជាឱ្យស្លាប់» ។ ដសហជីពបន្ថែមថាការទាមទាររបស់ខ្លួនគឺសំដៅការពារអ្នកដឹកទំនិញដែលធ្វើការច្រើនម៉ោងដោយ ទទួលបានប្រាក់ឈ្នួលទាប។

មន្ត្រីរដ្ឋាភិបាលនឹងបើកការស៊ើបអង្កេតជាមួយប៉ូលីសព្រមទាំងបញ្ជាទៅកម្មករដឹកជញ្ជូនស៊ីម៉ងត៍ចំនួន ២ ៥០០ នាក់ ឱ្យចូលធ្វើការវិញ ហើយប្រសិនបើពួកគេមិនអនុវត្តតាមទេ អាជ្ញាធរនឹងផ្អាកអាជ្ញាប័ណ្ណដឹកជញ្ជូនរបស់ពួកគេរយៈពេល ៣០ ថ្ងៃ។

មន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េបានប្រាប់រ៉យទ័រថា ប្រសិនបើពួកគេនៅតែមិនអនុវត្តតាម អាជ្ញាប័ណ្ណអាចត្រូវបានដកហូត ហើយរដ្ឋាភិបាលប្ដឹងទៅតុលាការ ដើម្បីកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ ឬពិន័យជាប្រាក់ជាដើម។

ក្រសួងដឹកជញ្ជូនកូរ៉េនិយាយថា នៅពេលដែលកូដកម្មនៅតែបន្ត ចរាចរណ៍កុងតឺន័រនៅកំពង់ផែបានធ្លាក់ចុះដល់ ៣៣ភាគរយ នៃកម្រិតធម្មតាគិតត្រឹមម៉ោង ៥ល្ងាច៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner