មន្ត្រីធនាគារជាតិនៃកម្ពុជា ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ ពិសេស ពលរដ្ឋនៅតាមមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង ៖ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចាំបាច់ត្រូវតែមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ ពិសេស ពលរដ្ឋនៅតាមមូលដ្ឋាន ។ ជាមួយនេះ ទន្ទឹមនឹងការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ វិស័យនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គ ដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ និងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុខ្លះៗដែរ។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ដែលបានថ្លែង ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលប្រារព្វធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបានអះអាងថា ៖ វិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជានៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារនិងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ទំហំទ្រព្យសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៤៣,៧៦ ទ្រីលានរៀល (ស្មើនឹង ១០,៦២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៧,៩៧ ទ្រីលានរៀល (ស្មើនឹង ៩,២២ ប៊ីលានដុល្លារអាមេរិក) ដែលបានផ្តល់ដល់អតិថិជនចំនួនជាង ២,១៧ លានគណនី ។ ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ បានទទួលប្រាក់បញ្ញើ សរុបប្រមាណ ១៩,២៩ ទ្រីលានរៀល (ស្មើនឹង ៤,៦៨ ប៊ីលានដុល្លារអាមេរិក) ដែលបានមកពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២,៦៤លានគណនី ។
លោក គិត សុវណ្ណារិទ្ធ បានជម្រុញឲ្យមានការផ្សព្វផ្សាយ និងអប់រំប្រជាជនឲ្យខ្ចីប្រាក់ តែពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ ប្រាក់កម្ចីនោះឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសងដើម្បីកុំឲ្យប្រជាជនជាប់បំណុលវ័ណ្ឌកនិង ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័។
លោក គិត សុវណ្ណារិទ្ធ ក៏បានក្រើនរំលឹកដល់ប្រជាជន ឲ្យមានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ ដែលអាចឲ្យប្រជាជនរងគ្រោះ ដោយក្រុមទាំងនេះ ពិសេសពីក្រុមឈ្មួញក្រៅប្រព័ន្ធ៕ ដោយ វ៉េង លីមហួត


