គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គោរពការចាកចេញរបស់លោក យ៉ង សាំងកុមារ និងមនុស្សជំនិតលោក ដើម្បីគោលដៅកែប្រែវិស័យកសិកម្មកម្ពុជា
ភ្នំពេញ៖គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)គោរពការចាកចេញនូវវត្តមានមន្ត្រីជាន់ខ្ពស់បក្សខ្លួនពីររូប គឺលោកយ៉ង សាំងកុមារ និងលោក ឡឹក សុធារ ដែលនឹងត្រូវរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញម្តង ហើយហៅការសម្រេចចិត្តនេះថា ជាសិទ្ធិនយោបាយបុគ្គល និងហេតុផលដើម្បីអនាគតវិស័យកសិកម្មកម្ពុជា ដែលស្របទៅតាមឆន្ទៈរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្ទាល់។
ខណៈដែល លោក យ៉ង សាំងកុមារ បានបញ្ជាក់ឱ្យដឹងថា ការងារដែលលោកនឹងធ្វើមុនគេគឺ បញ្ហាស្រូវអង្ករ នៅពេលលោកចូលកាន់តួនាទី។
លោក សាម អុីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់ឱ្យដឹងថា លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ពិតជាបានសម្រេចចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានពិតប្រាកដមែន គ្រាន់តែមិនទាន់មានការប្រកាសជាផ្លូវការណាមួយព្រោះស្ថានការណ៍ប្រថុចញ៉ុចខ្លាំងពេក។
លោក សាម អុីន បញ្ជាក់ថា ៖ «យើងមានអារម្មណ៍ថា សោកស្តាយដែរ ប៉ុន្តែពួកគាត់មានហេតុផលសមរម្យ។ មានហេតុផលផ្ទាល់រៀងៗខ្លួន ហើយយើងគ្មានសិទ្ធិអំណាចអ្វីទៅឃាត់ឃាំងឡើយ។ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ហ្នឹង គាត់ក៏បានពីគ្រោះយោបល់ជាមួយយើងអំពីបញ្ហាប្រឈមនានា ហើយគាត់ក៏សម្រេចចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជន ព្រោះគាត់មានហេតុផលមួយថា គាត់មានចំណេះដឹងកសិកម្ម មានផែនការចង់ជួយកសិករច្បាស់លាស់»។
លោក សាម អុីន បានបញ្ជាក់ថា ក្រោយពីមានជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលខាងគណបក្សនេះបានផ្ញើលិខិតសុំជួបនិយាយពីបញ្ហាកសិកម្មរួចមក, ឯកឧត្តម ឌិត ទីណា ក៏បានបបួលលោក យ៉ង សាំងកុមារ ចូលរួមការងារជាមួយរដ្ឋាភិបាលក្នុងវិស័យកសិកម្មដែរ។
លោកថា ៖ «ក្រោយពីមានការពិគ្រោះយោបល់មករួមគ្នា លោក យ៉ង សាំងកុមារ ក៏សម្រេចចិត្តទៅចូលរួមជាមួយរដ្ឋាភិបាលទៅ ព្រោះវាជាឱកាសមួយសម្រាប់គាត់អាចមានលទ្ធភាពប្រើចំណេះដឹង និងទឹកចិត្តទៅជួយផ្នែកកសិកម្មបាន ព្រោះរដ្ឋាភិបាលមានធនធាន សិទ្ធិអំណាចក្នុងការអនុវត្តការងារ»។
អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា គ្មានការទិញទឹកចិត្តណាមួយពីសំណាក់រដ្ឋាភិបាលមកលើមន្ត្រីជាន់ខ្ពស់របស់គណបក្សលោកឡើយ ហើយខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបើកកិច្ចជំនួបប្រជុំក្នុងការកែប្រែរចនាសម្ព័ន្ធបក្សនាពេលខាងមុខ បន្ទាប់ពីស្ថានការណ៍ស្ងប់ស្ងាត់ ព្រោះក្នុងស្ថានការណ៍ក្តៅនេះ ខាងគណបក្សមិនទាន់អាចសម្រេចសម្រួលគ្នាបាននៅឡើយទេ។
លោក យ៉ង សាំងកុមារ ដែលនឹងត្រូវទទួលតួនាទីជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា លោកបានលាឈប់ជាស្ថាពរពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មួយសប្តាហ៍ទៅហើយ ដើម្បីអាចស្នើលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក យ៉ង សាំង កុមារ មានប្រសាសន៍ថា ៖ «ខ្ញុំបានពិភាក្សាគ្នាជាមួយលោក ឌិត ទីណា ទាក់ទងបញ្ហាកសិកម្ម ស្រូវអង្ករ និងគំនិតដោះស្រាយ ហើយលោកបានឯកភាពលើគោលការណ៍ ១២ ចំណុចដែលខ្ញុំបានផ្សព្វផ្សាយ ហើយសម្តេចនាយករដ្ឋមន្ត្រីក៏បានគាំទ្រក្នុងការដោះស្រាយបញ្ហាស្រូវអង្ករនេះផងដែរ»។
លោក យ៉ង សាំង កុមារ សង្កត់ធ្ងន់ថា នៅពេលលោកកាន់តួនាទីក្នុងវិស័យកសិកម្ម លោកនឹងគិតគូរដោះស្រាយបញ្ហាស្រូវអង្ករមុនគេ ដែលត្រូវមានកត្តាចូលរួម ជាចាំបាច់បីយ៉ាង រួមមាន៖ កិច្ចគាំទ្រពីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កិច្ចសហការពីមន្រ្តីពាក់ព័ន្ធ និងទី៣ គឺកត្តាធនធានហិរញ្ញវត្ថុ ដើម្បីដំណើរចក្ខុវិស័យទាំងនោះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ដែរថា នេះជាដំណើរការល្អមួយស្របតាមមាគ៌ារបស់គណបក្សផ្ទាល់ ហើយការចូលរួមនេះ គឺជាចំណែកដើម្បីជួយវិស័យកសិកម្មជាមួយរដ្ឋាភិបាលកម្ពុជា។
ជុំវិញមតិសាធាណៈលើកឡើងថាមានការទិញទឹកចិត្ត និងអូសទាញពីសំណាក់គណបក្សកាន់អំណាចទៅលើបណ្តាគណបក្សប្រឆាំង នៅមុនការបោះឆ្នោតមកដល់នោះ លោកសុខ ឥសាន បានថ្លែងថា ៖ «ការលើកឡើងនេះគឺជាការមើលងាយសិទ្ធិនយោបាយរបស់លោក យ៉ង សាំង កុមារ និងសហការីគាត់»។
ពាក់ព័ន្ធបញ្ហានេះ កញ្ញា អឹុម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានគូសបញ្ជាក់ដែរថា លោក យ៉ង សាំងកុមារ នឹងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងតួនាទីជារដ្ឋលេខាធិការ ។ចំណែកលោកឡឹក សុធារ វិញក្នុងតំណែងជា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជុំវិញបញ្ហានេះដែរ លោក ឯម សុវណ្ណារ៉ា ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ទិដ្ឋភាពនៃការចុះចូលគណបក្សកាន់អំណាចពីសំណាក់លោក យ៉ង សាំង កុមារ និងសហការី ជាទិដ្ឋភាពដាច់ដោយឡែកពីយុទ្ធសាស្រ្តកៀងគរសមាជិកពីសំណាក់បក្សកាន់អំណាចដែលធ្លាប់ប្រើនៅមុនការបោះឆ្នោតនាអំឡុងពេលមុន ដែលលោកសម្លឹងឃើញពីចក្ខុវិស័យពិតប្រាកដរបស់លោក យ៉ង សាំង កុមារ ក្នុងការចួលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជា។
លោកឯម សុវណ្ណារ៉ា យល់ថា ៖ «ទស្សនៈខ្ញុំ បញ្ហាតម្លៃស្រូវ ខ្ញុំគិតថាប្រហែលជាពិបាក ទោះបីលោកបណ្ឌិត [យ៉ង សាំងកុមារ] មានសមត្ថភាព និងយន្តការច្បាស់លាស់យ៉ាងណាក្តី ព្រោះគណបក្សប្រជាជនកម្ពុជាដឹងរឿងហ្នឹងយូរហើយ ប៉ុន្តែមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទេ គ្រាន់តែមានវិធីសាស្រ្តមួយគ្រាៗទេ។ នៅក្នុងយន្តការលក់ទិញស្រូវអង្ករនេះ មានការបិទខ្ទប់មិនឱ្យឈ្មួញពីខាងក្រៅចូលប្រកួតប្រជែងទេ អុីចឹង! ធ្វើឱ្យស្រូវធ្លាក់ថ្លៃ»។
លោកបន្ថែមថា គោលការណ៍ដែលលោក យ៉ង សាំង កុមារ ចង់សម្រេចបាននោះអាចនឹងពិបាកក្នុងការសម្រេចបានខ្លាំងណាស់ លុះត្រាមានកិច្ចអន្តរាគនមន៍បើកភ្លើងខៀវពីសំណាក់រដ្ឋាភិបាល។
ជុំវិញបញ្ហានេះដែរលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាយល់ថា ការចូលរួមជីវភាពនយោបាយរបស់លោកយ៉ង សាំងកុមារ គឺជាការចូលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជាជាមួយរដ្ឋាភិបាល ដែលលោក យ៉ង សាំងកុមារ ធ្លាប់ជាថ្នាក់ដឹកនាំអង្គការកសិកម្មមួយរូបដែរ គឺអង្គការសេដាក ។
លោកថា ៖ «លោកយ៉ង សាំងកុមារ អាចជាចំណែកក្នុងដំណើរការកសិកម្ម ដែលវាមានវិស័យនានាទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺទស្សនៈវិស័យរបស់រដ្ឋមន្ត្រីកសិកម្ម ប្រសិនបើគាត់មានចក្ខុវិស័យល្អ ច្បាស់លាស់ ចេះប្រើធនធានមនុស្ស ដែលតម្កល់ផលប្រយោជន៍ជាតិជាធំ នោះវិស័យកសិកម្មកម្ពុជាអាចនឹងមានដំណើរការកំណែទម្រង់ល្អ»។
សូមរំឭកថា លោក យ៉ង សាំង កុមារ បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករក្នុងប្រទេសកម្ពុជា៕
ដោយ៖ សំបាន ច័ន្ទដារ៉ា