រដ្ឋមន្ត្រីក្រសួងសាធារណាការ អំពាវនាវឱ្យពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន
ភ្នំពេញ ៖ ក្រោយពីក្រុមហ៊ុន BYD Auto Industry បានប្រកាសស្នើសុំក្រសួងសាធារណាការ និងដឹកជញ្ជូន ដើម្បីធ្វើការបណ្តាក់ទុនដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ជាមួយគ្នានោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានច្រើន ដើម្បីទទួលបានផលចំនេញជាងការប្រើប្រាស់ប្រេងឥន្ធនៈ និងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងទៀតថា នៅក្នុងពេលបច្ចុប្បន្ននេះនៅកម្ពុជាមានស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន ៨កន្លែងហើយរួមមាន៖ នៅទីស្ដីការក្រសួងសាធារណការចំនួន៤គ្រឿង ,ក្រុងសៀមរាប១ទីតាំង, ក្រុងព្រះសីហនុ១ទីតាំង, ក្រុងបាត់ដំបង១ទីតាំង ,និង១ស្ថានីយ៍ទៀត វិនិយោគដោយក្រុមហ៊ុនកាល់តិច ស្ថិតនៅទីតាំងសង្កាត់ព្រៃស ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអះអាងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងខិតខំប្រឹងប្រែងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងវិស័យឯកជន ដើម្បីធ្វើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី សំដៅជំរុញកំណើនការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈផងដែរ ៕ សេឌី
