ឯកឧត្តម វ៉ាត់ ចំរើន សំដែងមោទនភាព ក្រោយការដាក់បញ្ចូល “គុនល្បុក្កតោ” ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការ CAMSOC, NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា «ក្នុងនាមអតីតកីឡាករជម្រើសជាតិ នៃកីឡាអូឡាំពិកម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាសកម្មជននៃការរៀបចំគុនល្បុក្កតោ និងក៏ជាស្ថាបនិកម្នាក់ ខ្ញុំសូមអបអរសាទរ និងមានក្ដីសោមនស្សរំភើបរីករាយយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO នៅពេលនេះ»។

ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ឯកឧត្តមបានសម្ដែងការអបអរសាទរ និងរំភើបរីករាយក្រៃលែង ចំពោះការដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ការដាក់បញ្ចូលនេះ គឺជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់កម្ពុជា ដែលដាក់កីឡា គុនល្បុក្កតោ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ។

ការបង្ហាញនូវមោទនភាពជាតិរបស់មន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជាខាងលើ បន្ទាប់ពីក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ “គុនល្បុក្កតោ” ត្រូវបានអង្គការយូណេស្កូ (UNESCO) ទទួលស្គាល់ និងដាក់បញ្ចូលជាផ្លូវការ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តរជាតិ សម្រាប់កិច្ចការពារសម្បត្តិវប្បធម៌អរូបី របស់អង្គការយូណេស្កូ នៅប្រទេសម៉ារ៉ុក។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «ព្រលឹងរបស់ដូនតាយើង បានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឲ្យមានការថែរក្សានៅលើពិភពលោក។ គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង ១៦លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លានទៀត ត្រូវថែរក្សាកេរ្តិ៍មរតកនេះ ហើយក៏ទុកឲ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាថែមទៀត។ ដូច្នេះ ការដាក់បញ្ចូលនេះ មានតម្លៃជាសាកលសម្រាប់កម្ពុជាយើងថែរក្សានូវក្បាច់គុនព្រលឹងជាតិ ឬក៏យើងហៅ ថែរក្សានូវមរតកដូនតាអង្គររបស់យើង»។

«ខ្ញុំគិតថា មិនមែនតែខ្ញុំទេ លោកគ្រូតា និងអ្នកសកម្មទាំងអស់ ទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងខាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលបានខិតខំកន្លងមកពិតជាការលះបង់ នូវកម្លាំងកាយចិត្ត ពិតជាលះបង់នូវគំនិតបញ្ញា ពិតជាលះបង់នូវការតស៊ូក្រាញននៀល ក្នុងដំណើរឆ្ពោះទៅដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់កីឡាករ-កីឡាការិនី និងអរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំសំណើដាក់ចូលជាសម្បត្តិបេតិកភណ្ឌនេះ» ។

«ព្រលឹងល្បុក្កតោ ពិតជាមានដូនតាយើងមកថែរក្សា និងជម្រុញការអភិរក្ស ដើម្បីអភិវឌ្ឍ ក៏ដូចជាជម្រុញការអភិវឌ្ឍ ដើម្បីអភិរក្ស នេះពិតប្រាកដមែន។ សូមឲ្យព្រលឹងបុព្វបុរសគុនល្បុក្កតោរបស់យើង រស់នៅស្ថិតស្ថេរជាអមតៈ»។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ឯកឧត្តមបន្ថែមថា «បន្ទាប់ពីបានចូលជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិនេះ យើងនឹងត្រូវមានការងារធ្វើច្រើន។ យើងត្រូវមានការរួមគ្នាទាំងអស់គ្នាថែមទៀត ដើម្បីថែរក្សា និងអភិវឌ្ឍ អភិរក្សកីឡាអត្តសញ្ញាណជាតិ ដែលជាកេរដំណែលនៃដូនតាយើង ជាគុណតម្លៃសាកលនេះបន្ថែមទៀត។ យើងមានភារកិច្ចច្រើនទៀត ដែលត្រូវធ្វើ វាជាមហិច្ឆតារបស់យើង គឺយើងគ្រោងនឹងឆ្ពោះទៅធ្វើឲ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ ឬក៏សកម្មភាពអប់រំ បង្កើតនូវកម្មវិធីអប់រំគុនល្បុក្កតោ នៅគ្រប់គ្រឹះស្ថានសិក្សា និងនៅគ្រប់វត្តអារាមទាំងអស់ ឲ្យបានជ្រួតជ្រាបពេញទូទាំងប្រទេស ហើយបញ្រ្ចៀបទៅគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក ឲ្យស្គាល់ច្បាស់អំពីព្រលឹងនៃគុនល្បុក្កតោរបស់យើង ដែលមានគុណធម៌ល្អ មានសីលធម៌ល្អ ហើយជាការអប់រំកាយ ការអប់រំចិត្ត ដ៏ប្រពៃសម្រាប់មនុស្សជាតិរស់នៅលើផែនដីនេះ»៕ credit camsoc

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner