ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា កោតសរសើរនូវការទទួលបានជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរនូវការទទួលបានជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាបានធ្វើជាំប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ជាពិសេស ឯកឧត្តម ក៏បានកោតសរសើរចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។

ការថ្លែងឡើងនេះនៅក្នុងឱកាសដែល ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អណត្តិ ចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងកាលពីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនប្រមាណ ១.៣លានដូស តាមរយៈយន្ដការ COVAX ក៏ដូចជាការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។

ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner