ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន MINESKI GLOBAL VIETNAM បានចុះ MOU ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឆ្ពោះទៅ ស៊ីហ្គេម ២០២៣
ភ្នំពេញ-ក្រុមហ៊ុន T.Y Media Advertising CO., LTD និងក្រុមហ៊ុន MINESKI GLOBAL VIETNAM CO., LTD បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅរួមចំណែកឆ្ពោះទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក លន់ សាមាឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា តាមរយៈកិច្ចសហការរវាង TY Media និង Mineski Global ជឿជាក់ថាវិស័យកីឡាមួយនេះនឹងរឹតតែរីកចម្រើន សម្បូរការប្រកួតលក្ខណៈស្តង់ដារអន្តរជាតិ។
ការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណង ដើម្បីការសហការ និងការចូលរួមរបស់ភាគីទាំងពីរសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជា។ នេះការចុះអនុស្សារណៈយោគយល់គ្នាជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនង ដែលអនុញ្ញាតឱ្យបង្កើត និងផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនថែមទៀត។
លោក ធី វាយ អគ្គនាយក T.Y Media លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក៏ខិតជិតមកដល់ហើយ ដូច្នេះកីឡាករត្រូវតែមានសមត្ថភាព និងការត្រៀមខ្លួនឲ្យបានល្អ។ លោកនឹងព្យាយាមរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ និងជំរុញដល់ការផ្សព្វផ្សាយ។
T.Y Media សហការជាមួយ Mineski Global រួចរាល់ ដើម្បីរួចចំណែកបង្កើនគុណភាពកីឡាករ ដើម្បីសម្រេចក្ដីបំណងប្រជែងមេដាយមាស នៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានត្រៀម៩វិញ្ញាសា សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣៕ ចាន់ វិចិត្រ

