អង់គ្លេសកោះហៅបេសកជនចិន ក្រោយការចាប់ខ្លួនអ្នកកាសែត BBC

អង់គ្លេស៖ អង់គ្លេស បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកកាសែតរបស់សារព័ត៌មាន BBC គឺលោក អេដ ឡរិន (Ed Lawrence)។ នៅថ្ងៃអង្គារ ទី២៩ វិច្ឆិកា ឆ្នាំ២០២២ អង់គ្លេស បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងឡុងដ៍ ដើម្បីបង្ហាញពីការមិនពេញចិត្តជាខ្លាំងរបស់ខ្លួន ទាក់ទិននឹងការចាប់ខ្លួន និងការរំលោភបំពានលើលោក ឡរិន ដែលបានទៅយកព័ត៌មាននៅកន្លែងធ្វើបាតុកម្មក្នុងទីក្រុងសៀងហៃ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងឡុងដ៍លោក ចាង ស៊េកវេង (Zheng Zeguang) ត្រូវបានកោះហៅទៅកាន់ការិយាល័យការបរទេសពាក់ព័ន្ធរឿងរ៉ាវចាប់ខ្លួនលោក ឡរិន ដែលរដ្ឋមន្ត្រីការបរទេសអង់គ្លេស ចាត់ទុកថាជារឿងគួរឱ្យព្រួយបារម្ភខ្លាំង។

ដោយបញ្ជាក់ពីការកោះហៅឯកអគ្គរដ្ឋទូតចិន លោកប្រមុខការបរទេសអង់គ្លេស ជេមស៍ ក្លេវឺលី (James Cleverly) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំរបស់អង្គការអូតង់ក្នុងប្រទេសរ៉ូម៉ានីថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវការពារសេរីភាពសារព័ត៌មាន»។ «វាមានសារៈសំខាន់មែនទែន ដែលអ្នកសារព័ត៌មានអាចធ្វើការងាររបស់ពួកគេបានដោយគ្មានការរំខាន និងដោយគ្មានការភ័យខ្លាចចំពោះការវាយប្រហារ»។

គួរជ្រាបថា អ្នកសារព័ត៌មានរបស់ BBC លោក ឡរិន ត្រូវបានប៉ូលិសចិនចាប់យកទៅបាត់កាលពីថ្ងៃអាទិត្យ ខណៈដែលកំពុងថតសកម្មភាពតវ៉ាប្រឆាំងនឹងវិធានការរឹតបន្តឹងជំងឺកូវីដនៅក្នុងទីក្រុងសៀងហៃ។ បាតុកម្មនេះគឺជាចលនាតវ៉ាមួយក្នុងចំណោមការប្រឆាំងតវ៉ាជាច្រើនដែលបានអង្រួនប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ភ្លាមៗក្រោយអ្នកកាសែតសារព័ត៌មាន BBC ត្រូវបានចាប់ខ្លួន ប្រទេសអង់គ្លេសបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ ហើយ BBC បានឲ្យដឹងថាអ្នកសារព័ត៌មានរបស់ខ្លួនត្រូវបានវាយដំដោយប៉ូលិសមុនពេលត្រូវបានដោះលែង។

ពីខាងភាគីចិនវិញ ចិនបានវាយបកតបវិញចំពោះប្រតិកម្មរបស់អង់គ្លេសជុំវិញករណីចាប់ខ្លួនអ្នកកាសែតអស់គ្លេស និងការទាមទារឱ្យប៉ូលិសចិនបង្ហាញការគោរពចំពោះបាតុករប្រឆាំងវិធានការរឹតត្បិតកូវីដ។

មុនពេលលោក ចាង ត្រូវបានកោះហៅ អ្នកនាំពាក្យស្ថានទូតចិនធ្លាប់បានលើកឡើងពីអត្រាមរណភាពដោយសារកូវីដក្នុងចំនួនខ្ពស់នៅក្នុងចក្រភពអង់គ្លេស និងបាននិយាយទៀតថា៖ «ភាគីអង់គ្លេស គ្មានសិទ្ធិអីក្នុងការវិនិច្ឆ័យលើគោលនយោបាយកូវីដរបស់ចិន ឬកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ចិនឡើយ»៕
ដោយ៖ លី លីយ៉ា
UK summons China envoy after arrest of BBC journalist

ads banner