ទូតថ្មីអាល្លឺម៉ង់រំពឹងការរួមចំណែកអាល្លឺម៉ង់ជួយការអភិវឌ្ឍកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានជូនដំណឹងការមកដល់ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនគឺលោក Christian Berger និងភរិយាអ្នកស្រី Maria Berger ។ លោកឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់បានអញ្ជើញដល់កម្ពុជានៅថ្ងៃទី៦កញ្ញានេះ។ លោក Christian Berger ត្រូវបានគេដកស្រង់សម្តីដែលថ្លែងថា លោករីករាយដែលបានមកប្រទេសកម្ពុជា ដែល ជាប្រទេសមានប្រវត្តិចំណាស់ និងសំបូរបែប។ លោកបានថ្លែងទន្ទឹងរង់ចាំមើល និងស្វែងយល់ពីការការអភិវឌ្ឍន៍ ឥតឈប់ឈរ ក៏ដូចជាការវិវត្តដ៏ខ្លាំងក្លានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់ថា អាល្លឺម៉ង់ និងកម្ពុជាគឺជាមិត្ត។ លោកបានថ្លែងសង្ឃឹមថា នឹងអាចចូលរួមចំណែក ក្នុងការពង្រឹងមិត្តភាពមួយនេះបាន។ លោក Christian Berger គឺជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម និងប្រទេសឡាវ នៅមុនការអញ្ជើញ មកកាន់តំណែងថ្មីនៅក្នុងប្រទេសកម្ពុជានេះ។