មន្ទីរបញ្ចកោណថា ចិនទំនងនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៥០០ គ្រាប់នៅឆ្នាំ ២០៣៥
អាមេរិក៖របាយការណ៍របស់មន្ទីរបញ្ចកោណឬអគ្គបញ្ជាការកងទ័ពអាមេរិកបានឱ្យដឹងថា ចិនទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងឃ្លាំងចំនួន ១ ៥០០ នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តរក្សាល្បឿនផលិតនុយក្លេអ៊ែរដូចពេលបច្ចុប្បន្ន។ នេះបើតាមរបាយការណ៍មួយរបស់សា្ថប័ណកងទ័ពអាមេរិកនេះ ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី ២៩ ខែវិច្ឆិកា។
តួលេខនេះនាំឱ្យអាមេរិកព្រួយបារម្ភថា ចិនមានចេតនាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាការព្យាករណ៍មិនបង្ហាញថាចិនកំពុងបង្កើនល្បឿននៃការអភិវឌ្ឍក្បាលគ្រាប់ដែលលឿនរួចទៅហើយនោះក៏ដោយក្ដី។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានស្រង់សម្ដីមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ ដែលបានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ចិនថា៖ «ខ្ញុំគិតថា សំណុំនៃសមត្ថភាព(របស់ចិន)បង្កើតជារូបរាង និងលេខថ្មីទាក់ទងនឹងអ្វីដែលពួកគេឆ្ពោះទៅមុខ ដែលលើកឡើងនូវសំណួរមួយចំនួនអំពីគោលបំណងរបស់ពួកគេថានឹងទៅជាយ៉ាងណាក្នុងរយៈពេលវែងជាងនេះ»។
របាយការណ៍របស់មន្ទីរបញ្ជកោណដែលផ្ដោតជាចម្បងលើសកម្មភាពក្នុងឆ្នាំ២០២១ បាននិយាយថា ប្រទេសចិនបច្ចុប្បន្នមានផ្ទុកអាវុធនុយក្លេអ៊ែរជាង ៤០០ ក្បាលគ្រាប់។
មន្ត្រីជាន់ខ្ពស់អាមេរិកដដែលបន្តថា ការព្យាកររបស់មន្ទីរបញ្ចកោណសម្រាប់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនចំនួន ១ ០០០ ក្បាលនៅឆ្នាំ ២០៣០ នៅតែមិនផ្លាស់ប្តូរទេ ដោយបន្ថែមថា ការព្យាករណ៍សម្រាប់ឆ្នាំ ២០៣៥ គឺផ្អែកលើល្បឿននៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ចិន។
កន្លងមក ចិនបានអះអាងថា អាវុធនុយក្លេអ៊ែរដែលចិនមានក្នុងឃ្លាំងគឺតូចជាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយថាខ្លួនត្រៀមរួចជាស្រេចសម្រាប់កិច្ចសន្ទនា ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរដល់កម្រិតរបស់ចិន។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុលម៍ (SIPRI) សហរដ្ឋអាមេរិកមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣ ៧០០ គ្រាប់ ដែលក្នុងនោះមានប្រហែល ១ ៧៤០ គ្រាប់ត្រូវបានដាក់ពង្រាយ។
ជុំវិញបញ្ហានេះ មេដឹកនាំចិន លោក ស៊ី ជិនពីង បានផ្តល់សញ្ញាក្នុងអំឡុងសមាជបក្សកុម្មុយនីស្តក្នុងខែតុលាថា ចិននឹងពង្រឹងការទប់ទល់យុទ្ធសាស្ត្ររបស់ខ្លួន ដែលជាពាក្យប្រើសម្រាប់ពិពណ៌នាអំពីអាវុធនុយក្លេអ៊ែរ។
របាយការណ៍ចុងក្រោយរបស់មន្ទីរបញ្ជកោណ ក៏បានលើកឡើងផងដែរថា យោធាចិនដែលត្រូវបានគេស្គាល់ជាផ្លូវការថា កងទ័ពរំដោះប្រជាជន (PLA) ក៏កំពុងអភិវឌ្ឍន៍អាវុធអវកាស និងអាវុធប្រឆាំងអវកាសផងដែរ។ របាយការណ៍ចាត់ទុកបច្ចេកវិទ្យាទំនើបជាមធ្យោបាយមួយ ដើម្បីរារាំងការអន្តរាគមន៍ពីខាងក្រៅនៅក្នុងជម្លោះយោធាក្នុងតំបន់៕
ដោយ៖ហួន ឌីណា ប្រភព៖ China likely to have 1,500 nuclear warheads by 2035