មីយ៉ាន់ម៉ាពន្យារពេលរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតដល់ចុងខែធ្នូ ខាងមុខ
ណៃពិដោ៖ ប្រទេសមីយ៉ាន់ម៉ាបានបន្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 របស់ខ្លួន រហូតដល់ថ្ងៃទី៣១ ខែធ្នូខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការមជ្ឈិម ស្តីពីការបង្ការ, ការត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ ក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
គណៈកម្មាធិការនេះ បានបញ្ជាក់ថា ការពន្យារពេលខាងលើ ត្រូវបានអនុវត្តទៅលើការរឹតបន្តឹងទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ លើកលែងតែវិធានការដែលត្រូវបានបន្ធូរបន្ថយប៉ុណ្ណោះ។
បើតាមសេចក្តីថ្លែងការណ៍ដដែល ការពន្យារពេលនេះបានគ្របដណ្តប់លើរាល់បទបញ្ជា ការប្រកាស សេចក្តីណែនាំដែលបានចេញពីមុនដោយស្ថាប័នរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៦៣៣,២១៧ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៩,៤៨៨នាក់ និង ជាសះស្បើយឡើងវិញចំនួន ៦០៧,៧២៥នាក់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា




