នាយករដ្ឋមន្ត្រីបារាំង ព្រមានពីរលកថ្មីនៃជំងឺកូវីដ-១៩ ក្នុងប្រទេសបារាំង
ប៉ារីស៖ នាយករដ្ឋមន្រ្តីបារាំង លោកស្រី អេលីសាប៊ែត ប៊នណេ បានព្រមានក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកានេះ អំពីការផ្ទុះឡើងជំងឺកូវីដ១៩ក្នុងប្រទេសបារាំង ដោយនិយាយថា ករណីឆ្លងថ្មីជាង ៤០,០០០នាក់កំពុងត្រូវបានរកឃើញនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។
ថ្លែងទៅកាន់សភាជាតិបារាំង លោក ប៊នណេ បានសម្តែងការព្រួយបារម្ភចំពោះអត្រាទាបនៃការចាក់វ៉ាក់សាំងបង្ការ ក្នុងចំណោមអ្នកដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ពីការឆ្លងវីរុស ដោយព្រមានថា ជំងឺកូវីដ១៩នៅតែជាឃាតករ ហើយថា រលកថ្មីនេះ បានរំឭកយើងថា មេរោគមិនបានបាត់ទៅវិញទេ។
លោកស្រី ប៊នណេ ក៏បានព្រមានដែរថា ប្រព័ន្ធមន្ទីរពេទ្យរបស់ប្រទេសបារាំងនឹងប្រឈមមុខនូវសម្ពាធបន្ថែមទៀត ដោយសារការកើតឡើងវិញ នៃជំងឺកូវីដ១៩ ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយ និងការរីករាលដាលនៃជំងឺរលាកទងសួតដ៏អាក្រក់បំផុតនៅប្រទេសបារាំង ក្នុងរយៈពេល ១០ឆ្នាំ។
ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីស្ត្រីដំបូងរបស់បារាំងមួយរូបនេះ ក៏បានអំពាវនាវឱ្យមានការដាក់ឱ្យអនុវត្តឡើងវិញ នូវវិធានការបង្ការមួយចំនួន ក្នុងនោះមានដូចជាការពាក់ម៉ាស់ពេលនៅជុំវិញមនុស្សដែលងាយរងគ្រោះ រក្សាគម្លាតសង្គម និងនៅក្នុងតំបន់ដែលមានមនុស្សច្រើនកុះករជាដើម ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា



