ចិនបញ្ជូនអវកាសយានិកបីនាក់ថ្មី ទៅស្ថានីយអវកាស Tiangong
ចិន៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួបានរាយការណ៍នៅព្រឹកថ្ងៃពុធទី ៣០ ខែវិច្ឆិកានេះថា អវកាសយានិកចិនបីនាក់បានធ្វើដំណើរទៅដល់ស្ថានីយអវកាស Tiangong ជាទីដែលពួកគេនឹងបំពេញការប្រគល់ជូនអវកាសយានិកជាលើកដំបូងបំផុតរបស់ចិនទៅក្នុងគន្លងតារាវិថី។
អវកាសយានិកទាំង៣ ធ្វើដំណើរតាមយាន Shenzhou-15 តាមរយៈរ៉ុក្កែត Long March-2F ដែលបាញ់ចេញនៅម៉ោង ១១ យប់ថ្ងៃអង្គារ ពីមជ្ឈមណ្ឌលបាញ់បង្ហោះ Jiuquan នៅវាលខ្សាច់ហ្គូប៊ី ភាគពាយ័ព្យនៃប្រទេសចិន។
បើតាមស៊ីនហួរ យាន Shenzhou-15 ដែលដឹកអវកាសយានិកជើងចាស់លោក Fei Junlong និងអវកាសយានិកថ្មី២នាក់ទៀតរួមមានលោក Deng Qingming និង Zhang Lu បានចូលចតនៅស្ថានីយTiangong ដោយជោគជ័យនៅព្រឹកថ្ងៃពុធ។ អវកាសយានិកចិនបីរូបនេះ បានចូលរួមជាមួយអវកាសយានិក៣រូបផ្សេងទៀត ដែលធ្វើដំណើរទៅស្ថានីយដូចគ្នាកាលពីដើមខែមិថុនា។
អ្នកនាំពាក្យរដ្ឋបាលអវកាសចិន (CMSA) លោក Ji Qiming បានថ្លែងថា ទំនួលខុសត្រូវចម្បងរបស់បេសកកម្មគឺ៖ «ការសម្រេចបាននូវការប្រគល់នាវិកលើកដំបូងនៅក្នុងគន្លងតារាវិថី ក៏ដូចជាការដំឡើងឧបករណ៍ និងគ្រឿងបរិក្ខារទាំងខាងក្នុង និងក្រៅស្ថានីយអវកាស និងការបន្តពិសោធន៍វិទ្យាសាស្ត្រ»។ លោកបញ្ជាក់ថា អវកាសយានិកនៃយាន Shenzhou-15 នឹងត្រូវទទួលយានដឹកសម្ភារ Tianzhou-6 ហើយប្រគល់ប្រតិបត្តិការទៅឱ្យយានអវកាស Shenzhou-16 រួមមកគ្រោងនឹងធ្វើដំណើរត្រឡប់មកផែនដីវិញនៅខែឧសភា ឆ្នាំក្រោយ។
គួរបញ្ជាក់ថា ស្ថានីយអវកាស Tiangong ដែលគ្រោងនឹងបញ្ចប់ការសាងសង់ គឺជាសមិទ្ធផលមួយនៃកម្មវិធីអវកាសពេញដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង ដែលផ្ដល់កន្លែងឱ្យយានរុករកលើភពអង្គារ និងព្រះចន្ទចុះចត និងធ្វើឱ្យចិនក្លាយជាប្រទេសទី៣ ដែលបញ្ជូនអវកាសយានិកទៅគន្លងតារាវិថី។ ភាពជឿនលឿនបែបនេះ ធ្វើឱ្យគេមើលឃើញថា ចិនបានចូលរួមនូវការប្រកួតប្រជែងអវកាសជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី៕
ដោយ៖ហួន ឌីណា
ប្រភព៖ China astronauts reach Tiangong space station for crew handover