អ្នកនាំពាក្យ៖ការអំពាវរបស់តំណាងរាស្ត្រអូស្ត្រាលីមិនអាចជួយអីដល់កញ្ញាឈឹម ស៊ីថរ ឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម  ជិន ម៉ាលីន បានបញ្ជាក់ថាការអំពាវរបស់តំណាងរាស្ត្រអូស្ត្រាលីមិនអាចជួយអីដល់កញ្ញាឈឹម ស៊ីថរ បានឡើយ។ការអះអាងប្រាប់អ្នកកាសែតបែបនេះជាឆ្លើយតបទៅនឹង តំណាងរាស្ដ្រប្រទេសអូស្ដា្រលីលោក ជូលៀន ហីល(Julian Hill) ដែលកាលពីថ្ងៃទី២៨ខែវិច្ឆិកា បានបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម ជិន ម៉ាលីន បានប្រាប់ថា វាមិនមានជាបញ្ហាទេ នេះគ្រាន់តែជាការអំពាវនាវរបស់តំណាងរាស្ដ្រអូស្ដ្រាលីប៉ុណ្ណោះ ហើយក៏មិនអាចធ្វើការដោះលែង កញ្ញា ឈឹម ស៊ីថរបានទេ ពីព្រោះវាមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ឡើយ។

លោកពន្យល់ថា៖ «ខ្ញុំយល់ថាវាមិនអី បើគ្រាន់តែអំពាវនាវហ្នឹង។ គឺវាមិនអាចជួយដល់គាត់បានទេ ពីព្រោះវាគឺមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការកាពារជនជាប់ចោទ។ ក៏ប៉ុន្តែបើគាត់ចង់ជួយ ឱ្យគាត់ចូលរួមតាមដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ហើយអនុវត្តទៅតាមបញ្ញត្តិច្បាប់ឬនីតិវិធីច្បាប់របស់តុលាការកម្ពុជា»។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ ដោយលោក ជូលៀន ហីល(Julian Hill) តំណាងរាស្ដ្រអូស្ដា្រលី បានថ្លែងថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ គឺជារឿងដែលមានលក្ខណៈមិនស្រមហេតុផល។លោកបញ្ជាក់ថា លោកទើបតែជួបទទួលទានកាហ្វេជាមួយកញ្ញា ស៊ីថរ កាលពីសប្ដាហ៍មុន ពេលដែលកញ្ញាមកចូលរួមកិច្ចប្រជុំសហភាពសហជីពអន្តរជាតិនៅទីក្រុងម៉ែលប៊ន(Melbourne) ប៉ុន្តែក្រោយពេលដែលកញ្ញាត្រឡប់ទៅប្រទេសកម្ពុជាវិញ បែរជាត្រូវអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបានល្មើសបម្រាមតុលាការ ទាំងដែលកញ្ញា ស៊ីថរ មិនបានដឹងអំពីលក្ខខណ្ឌទាំងនោះឡើយ។ លោកចាត់ទុកករណីនេះ ថាជារឿងដែលមិនសមហេតុផលឡើយ ។

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបំភ្លឺចំពោះការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ថាដោយសារបានបំពានលើកាតព្វកិច្ច។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ គឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

តាមសេចក្ដីបំភ្លឺដដែលថា យោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នបាន»

ទោះជាយ៉ាងណាក្ដីក្រុមសង្គមស៊ីវិលយល់ថាកញ្ញាឈឹមស៊ីថរមិនមានចេតនាឬបានគេចខ្លួន ឡើយព្រោះកញ្ញាទៅបំពេញភារកិច្ចនៅអូស្ត្រាលីរួច តែកញ្ញាត្រឡប់មកប្រទេសវិញជាធម្មតា។

កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ត្រូវបានឃាត់ខ្លួនរួមទាំងជាមួយ និងថ្នាក់ដឹកនាំសហជីពរបស់ខ្លួន ម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ ក្រោមបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កំឡុងពេលក្រុមបុគ្គលិកណាហ្គាវើលដ៍បានធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនចេញមកដោះស្រាយវិវាទការងារ តែត្រូវបានជាប់ឃុំបណ្តោះក្នុងពន្ធនាគារអស់រយៈពេល២ខែ រួមទាំងថ្នាក់ដឹកនាំសហជីពរបស់ខ្លួនផង។ ហើយកញ្ញា ស៊ីថរ និងថ្នាក់ដឹកនាំសហជីពរបស់ខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញាត្រូវបានឃាត់ខ្លួននៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញពីសំណាក់នគរបាលអន្តោប្រវេសន៍ ក្រោយត្រលប់មកពីប្រទេសអូសស្រ្តាលី។ ហើយបច្ចុប្បន្ននេះ តុលាការបានសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ដោយមូលហេតុល្មើសបម្រាមរបស់តុលាការដែលដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមមិនឱ្យចេញក្រៅប្រទេស៕ ដោយ៖ជា សុខនី

ads banner