ថ្នាក់ដឹកនាំខេត្តកណ្តាល ប្រកាសផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ

ខេត្តកណ្តាល ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សក្នុងក្រុងតាខ្មៅ ដែលត្រៀមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង ថ្ងៃទី៥-៦ ធ្នូ ២០២២ ប្រមាណ ៨០០នាក់ នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានប្រកាសថា រដ្ឋបាលខេត្តកណ្តាលនឹងផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈដែលសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបង្ហាញការជឿជាក់ថា សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងខេត្តកណ្ដាលនឹងប្រលងបានជាប់ភាគច្រើនបំផុត ពីព្រោះមានលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ខេត្តលោកគ្រូ អ្នកគ្រូ សាលារៀន និងគ្រួសារ។

សូមជម្រាបថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជា ៖ ថ្នាក់វិទ្យាសាស្ត្រ មាន០៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner