អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េទទួលមរណភាពហើយនៅមន្ទីរពេទ្យសង្ហិបុរី ក្នុងអាយុ៩៥ឆ្នាំ
ហ្ស៊ីមបាវ៉េ៖ អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ បានទទួលមរណភាពហើយក្នុងអាយុ៩៥ឆ្នាំ បន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ ប្រទេសសិង្ហបុរីអស់ជាច្រើនខែ ប៉ុន្តែមិនមាននរណាអាចបញ្ជាក់ថា លោកមានជំងឺអ្វីឲ្យប្រាកដនោះឡើយ ។
មរណភាពរបស់លោក មូហ្គាបេ ត្រូវបានប្រកាសចេញពីរដ្ឋធានីហារ៉ារ៉េ ដោយប្រធានាធិបតីហ្ស៊ីមបាវ៉េបច្ចុប្បន្ន គឺលោក អ៊ែមមើសុន ម៉ាណាងហ្គាវ៉ា នៅថ្ងៃសុក្រនេះ ។ លោក រ៉ូប៊ឺត មូហ្គាបេ គឺជានិមិត្តរូបនៃការរំដោះ និងជាអ្នកគាំទ្រជនជាតិអាហ្វ្រិក ដែលបានលះបង់ជីវិត ដើម្បីការរំដោះ និងផ្តល់អំណាចជូនប្រជាជនរបស់លោក ។
សូមរំលឹកឡើងវិញថា លោក រ៉ូប៊ឺត មូហ្គាបេ ដែលឡើងកាន់អំណាចយូរជាងគេបំផុតប្រចំាទ្វីបអាហ្វ្រិករូបនេះ ត្រូវបានប្រធានាធិបតីបច្ចុប្បន្នធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានជម្លោះយ៉ាងខ្លាំងកើតឡើងនៅក្នុងជួរគណបក្សកាន់អំណាចរបស់លោក ដែលពាក់ព័ន្ធនឹងចេតនាលើកស្ទួយភរិយាលោកឲ្យបន្តតំណែងធ្វើជាប្រធានាធិបតីហ្ស៊ីមបាវ៉េ នៅពេលលោកអស់ជីវិត ៕ធ.ដ