រាជរដ្ឋាភិបាលបញ្ចេញថវិកា ៣០លានដុល្លារបន្ថែមទៀត ចូលរួមបោសម្អាតមីនឱ្យអស់នៅឆ្នាំ ២០២៥
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាបន្ថែម ចំនួន ៣០ លានដុល្លារ ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានគ្រាប់មីន(សូន្យមីន)នៅឆ្នាំ២០២៥ និងបាន អំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព ខណៈថវិកាដែលបានកៀរគរកាលពីមុនត្រូវចំណាយអស់នៅត្រឹមដើមខែធ្នូនេះ។
តាមរយៈសារដែលបានបង្ហោះកាលពីថ្ងៃទី១ ខែធ្នូ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហើបឱ្យដឹងថា ថវិកាចំនួន ១៨ ៤៧៣ ៥៧០ ដុល្លារ ដែលចេញពីព្រះរាជ អំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី១ធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចតេជោបន្តថា៖«ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ចេញ ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០ លានដុល្លារ ភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្ដេចគូសបញ្ជាក់ថា ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍ អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ ២០២៣។ក្នុងករណីខ្វះនិង សម្រាប់ឆ្នាំ ២០២៤និង ២០២៥ អាជ្ញាធរមីនត្រូវធ្វើការជា មួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បី ឱ្យឆ្នាំ ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម សម្ដេចតេជោនាយករដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរមីន បានអំពាវនាវសប្បុរសជនមេត្តាបន្ត ចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។
សម្ដេចតេជោមាប្រសាសន៍ថា៖ «សូមឱ្យឆ្នាំ២០២៥ ក្លាយជា ឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាម ញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)»។
អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ មានប្រសាសន៍ ថា ក្នុងនាមរូបលោកផ្ទាល់ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរ មីន សម្តែងការគាំទ្រទៅនឹងកិច្ចអន្តរាគម៍នេះ និងថ្លែងអំណរ គុណដល់លោកនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ ខ្ពស់គិតគូរពីសុខទុក្ខ និងសុវត្ថិភាពប្រជាពលរដ្ឋ។
ឯកឧត្តមបានថ្លែងថា៖ «ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅក្នុងតំបន់រងការគំរាមដោយសំណល់ជាតិផ្ទុះពីសង្រ្គាម សូមថ្លែងអំណរគុណដ៏ជ្រាល ជ្រៅ បំផុតគោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន ទម្លាក់ថវិកាបន្ថែមចំនួន ៣០លានដុល្លារអាមេរិកក្នុងផែនការ បោសសម្អាតមីន ក្នុងគោលដៅផ្តល់សុខសុវត្ថិភាព លើក កម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់ភាពសុខដុមរមនា របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វ័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។
ឯកឧត្តមបានឱ្យដឹងថា អាជ្ញាធរមីន នឹងបន្តសហការជាមួយ កងទ័ពជើងគោក មជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាព និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងប្រើប្រាស់ថវិកា ដ៏ថ្លៃថ្លា ធ្វើការបោសសម្អាតមីនឱ្យចំគោលដៅជា អាទិភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ក្នុងគោលបំណងចូលរួមពន្លឿនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។
ឯកឧត្តម លី ធុជ បន្ថែមថា ក្រុមការងារបច្ចេកទេស របស់ អាជ្ញាធរមីន កំពុងធ្វើការជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំគោលនយោបាយពាក់ព័ន្ធ។
ជាមួយគ្នានេះដែរឯកឧត្តម លី ធុជ នឹងដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយប្រតិបត្តិករដោះមីនជាតិទាំងបី ដើម្បីរៀបចំដំណើរការ និងផែនការបោសសម្អាតឱ្យទាន់ពេលវេលា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដោយបានដាក់ចេញនូវគោលដៅចំនួនពីរ។ ក្នុងនោះ ទី១ ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២ ប្រែក្លាយខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាង ឱ្យ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ។
សូមបញ្ជាក់ថា មានខេត្តចំនួនបីហើយត្រូវបានប្រកាសជា ខេត្តដែលអស់មីន ក្នុងនោះមាន ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ហើយកម្ពុជានៅសល់ ២២ រាជធានី-ខេត្តទៀតដែលបន្តរងផលប៉ះពាល់ក្នុងទំហំផ្ទៃដីសរុប ៧១៦ ០៣៩ ៧១២ ម៉ែត្រការ៉េ (៧១ ៦០៣,៩ ហិកតា)។
សម្រាប់ប្រជាពលរដ្ឋ ឬសប្បុរសជនដែលចង់ចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការបោសសម្អាតមីននៅកម្ពុជាអាចបរិច្ចាគបានតាមរយៈ៖ ABA BANK៖ ប្រាក់រៀល: Ly Thuch and Seng Tieng / 004193716 – ប្រាក់ដុល្លារ: Ly Thuch and Seng Tieng / 444445555។ ធនាគារ ACLEDA Bank៖ ប្រាក់រៀល: SengTieng / 00010453888899 – ប្រាក់ដុល្លារ:Seng Tieng / 00010453888888។ និងធនាគារ CANADIA Bank៖ ប្រាក់រៀល: SengTieng / 001000565-6643 – ប្រាក់ដុល្លារ: Seng Tieng / 0010005656635៕
ដោយ៖ ឡាយ សាមាន

