ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់ ជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុត នៅកម្ពុជា

ភ្នំពេញ៖ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេបំផុតនៅកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ហើយថ្នាក់ដឹកនាំថ្មីនេះ គឺជាព្រះសង្ឃ ដែលមានកម្រិតវប្បធម៌ខ្ពស់បំផុតនៅកម្ពុជា គឺព្រះអង្គទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។

ភារកិច្ចក្នុងការដឹកនាំ និង គ្រប់គ្រងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានផ្ទេរប្រគេនទៅភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ហើយ ហើយព្រះមហាសមណៈ អង្គនេះ គឺជាព្រះសកលវិទ្យាធិការរង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជនេះ តាំងពីឆ្នាំ២០០៦មកម៉្លេះ។

ចំពោះកម្រិតអប់រំរបស់ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ដែលនឹងត្រូវដឹកនាំ និង គ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជតទៅនេះ គឺព្រះអង្គមានសញ្ញាបត្របណ្ឌិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួន ជាពិសេសសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

កាលពីដើមឆ្នាំ២០២២នេះ ព្រះមហាសមណៈ យ៉ន សេងយៀត ទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ ពីសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ដែលសក្ខីបត្របណ្ឌិតរដ្ឋនោះ គឺជាកម្រិតអប់រំខ្ពស់បំផុតនៅលើពិភពលោក ពោលគឺខ្ពស់ជាងថ្នាក់បណ្ឌិត និង Ph.D ទៅទៀត ហើយសម្រាប់នៅប្រទេសកម្ពុជា គិតរហូតមកដល់ពេលនេះ ប្រហែលជាមានតែព្រះភិក្ខុ យ៉ន សេងយៀត នេះមួយអង្គគត់ ដែលបានសិក្សាដល់កម្រិតសក្ខីបត្របណ្ឌិតរដ្ឋនោះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ឱ្យបន្តប្រពៃណីដ៏ល្អផូរផង់របស់ពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេនៅកម្ពុជានេះតទៅទៀត គឺសាមគ្គីគ្នាឱ្យបានល្អ ដើម្បីបន្តជំរុញឱ្យសកលវិទ្យាល័យមួយនេះ កាន់តែមានកិត្តិនាមថែមទៀត។

សូមបញ្ជាក់ថា កន្លងមក ភារកិច្ចជាអ្នកដឹកនាំ និងគ្រប់គ្រង នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជនេះ គឺសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ។ ប៉ុន្តែមួយរយៈមកនេះ សម្តេចបណ្ឌិត ឃី សុវណ្ណរតនា មានបញ្ហាព្រះសុខភាព ហើយក្រៅពីនោះទៅ សម្តេចក៏មានភារកិច្ចផ្សេងទៀតដែលត្រូវរ៉ាប់រងផងដែរ ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner