លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ថ្ងៃ២ ធ្នូ ១៩៧៨ ជាមរតកនៃការឆ្ពោះទៅការរំដោះប្រជាជនកម្ពុជា ចេញពីរបប ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីក្នុង មិទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នាព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្នីសិទ្ធចតុមុខ រាជធានីភ្នំពេញ ។

លោកជំទាវ ថ្លែងថា ៖ រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះស្ថិតក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី ២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេស ដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំ និងបានចាត់ទុក ថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យ ក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវបានបញ្ជក់ថា ទាក់ទិននឹងប្រវត្តិសាស្រ្ត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែល សម្តេចតេជោ បានយកជីវិតទៅប្តូរ តាមរយៈនៃការចេញដំណើរទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងសុំជួបជាមួយថ្នាក់ដឹកនាំ សុំការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងសហការជាមួយកងទ័ពកម្ពុជា ដើម្បីផ្តួលរំលំរបប ប៉ុល ពត រហូតឈានទៅបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨ ដែលជាមរតកនៃការឆ្ពោះទៅរំដោះប្រជាជនកម្ពុជា នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ថ្ងៃ២ធ្នូ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ ៕ ដោយ ថេត វិចិត្រ +ហេង សម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner