សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយយុវជន ហុង ភារិន

អត្ថបទដោយ៖
Kien Sereyvuth

ពេលថ្មីៗនេះ និសិ្សតខ្មែរឈ្មោះ ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងការបង្ហាញនៅលើកម្មវិធីនៃទូទស្សន៍ថៃ ហុង ភារិន ត្រូវគេឃើញអាចចាំចំនួនតួលេខ លើវិញ្ញាសាជាច្រើន និងអាចចងចាំថ្ងៃខែឆ្នាំក្នុងប្រក្រតីទិន បានច្បាស់លាស់រាប់សិបឆ្នាំថែមទៀត។ ក្រោយការបញ្ចេញសមត្ថភាពរួច មហាជននៅប្រទេសថៃ បានប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង។

នៅថ្ងៃទី៦កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចថា ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះ ហុង ភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិន ចង់ទៅ និងចង់បាន។ ខ្ញុំក៏បានជួយដល់ ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរ ជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន។

នាសប្ដាហ៍នេះ យុវជន ហុង ភារិន ត្រូវបានអញ្ញាតឲ្យចូលជួបសំណេះសំណាលដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន^លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងអភិបាលខេត្តព្រះសសីហនុលោកគួច ចំរើន ជាដើម។

ក្នុងជំនួបនោះ ហុង ភារិន បានប្តេជ្ញាថា នឹងខិតខំប្រឹងរៀនសូត្របន្ថែមទៀតតាមអនុសាសន៍ណែនាំ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាសម្រេចក្តីសុបិន្តរបស់លោកក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានោះដែរ លោក ហុង ភារិន មានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូខាងមុខ នៅប្រទេសចិនក្នុងគោលបំណងបង្ហាញពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកផងដែរ។

និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម មានបងប្អូនពីរនាក់។ ដោយស្ថិតនៅក្នុងគ្រួសារកសិករ ដែលមានជីវភាពលំបាក ដោយសារឪពុកម្តាយបាន លែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ព្រះរាជទានថ្នាក់បរិញ្ញាបត្រប្រចាំសកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ហុង ភារិន បានបញ្ជាក់ថា ក្ដីសុបិន្តរបស់ខ្លួន គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍន៍ប្រទេសជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner